|

ក្រសួងអប់រំ បាននិងកំពុងចាត់វិធានការជ្រើសរើសគ្រូបង្រៀនពេញម៉ោង ដែលមានកេរ្តិ៍ឈ្មោះ បទពិសោធខ្ពស់ដើម្បីបង្កើនគុណភាពសិក្សា


នេះជាការថ្លែងឱ្យដឹងពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូមូលនិធិ CIESF ដឹកនាដោយលោក OKOBO Hideo ស្ថាបនិកមូលនិធិ CIESF និងមានការចូលរួមពី ឯកឧត្តមថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង កាលពីរសៀល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង។

មានប្រសាសន៍ក្នុងឱកាសនេះ លោក ស្ថាបនិកមូលនិធិ CIESF បានលើកឡើងអំពី (១). ការរក្សាពេលវេលាសម្រាប់រៀបចំការបង្រៀន (២). ការរក្សាពេលវេលាសម្រាប់ការណែនាំ ធ្វើនិក្ខេបបទ ដោយត្រូវបង្កើត “ម៉ោងណែនាំនិក្ខេបបទ” (មានក្រេឌិត) ជាមុខវិជ្ជាផ្លូវការរៀងរាល់ឆមាស ដើម្បីរក្សាម៉ោងណែនាំប្រចាំសប្តាហ៍ (៣). ការរៀបចំបរិយាកាសស្រាវជ្រាវសម្រាប់និស្សិត ដោយគួររៀបចំបណ្ណាល័យអេឡិចត្រូនិក សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ ដែលប្រមូលទាំងឯកសារជាតិ និងអន្តរជាតិ (៤). ការជ្រើសរើសសាស្ត្រាចារ្យពេញម៉ោង ដើម្បីបង្កើនគុណភាពនៃការបង្រៀន។ ជាមួយនេះដែរ ភាគីមូលនិធិ CIESF បានបង្ហាញនូវការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តការលើកកម្ពស់ការងារអប់រំ លើការបណ្តុះបណ្ដាលគរុនិស្សិតកម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ កម្មវិធីចុះកម្មសិក្សារបស់គរុនិស្សិត និង ការចុះអធិការកិច្ចរបស់គ្រូបង្រៀន។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះការចូលរួមគាំទ្រលើកកម្ពស់គុណភាពនៃការអប់រំរបស់វិទ្យាស្ថានគរុកោសល្យកន្លងមក និងបានបង្ហាញនូវការគាំទ្រចំពោះការលើកឡើងរបស់លោក ស្ថាបនិកមូលនិធិ CIESF ដោយគូសបញ្ជាក់ថា កន្លងមកក្រសួងអប់រំ បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការលើកកម្ពស់ការសិក្សាស្រាវជ្រាវរបស់គរុនិស្សិត ដោយបានរៀបចំ បណ្ណាល័យអេឡិចត្រូនិករួចរាល់ហើយ នៅឡើយចំនួនសៀវភៅឯកសារក្នុងនោះនៅមានកម្រិត។ ទន្ទឹមនេះ ក្រសួងក៏បាននិងកំពុងចាត់វិធានការធ្វើបច្ចុប្បន្នភាពឯកសារមេរៀនជាប្រចាំ ឱ្យស្របតាមស្តង់ដាបច្ចុប្បន្ន និងជ្រើសរើសគ្រូបង្រៀនពេញម៉ោង ដែលមានកេរ្តិ៍ឈ្មោះ បទពិសោធខ្ពស់ដើម្បីបង្កើនគុណភាពសិក្សា ក៏ដូចជាមានពេលវេលាគ្រប់គ្រាន់សម្រាប់ជួយគាំទ្រសិស្សលើបញ្ហាផ្សេងៗ។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ មួយចំនួន បន្ថែមទៀតដូចជា(១). សូមឱ្យគ្រូតាមមុខវិជ្ជារៀបចំកម្មវិធីសិក្សា (Syllabus) ដោយកំណត់សៀវភៅដែលចាំបាច់ត្រូវអាន និងសៀវភៅអានដើម្បីបំពេញបន្ថែមចំណេះដឹង និងត្រូវមានវិធីសាស្ត្រពិនិត្យតាមដានជាប្រចាំដើម្បីពង្រឹងទម្លាប់នៃការអាន ឬសិក្សាស្រាវជ្រាវដោយខ្លួនឯង(២). ត្រូវមានការណែនាំអំពីការសរសេរនិក្ខេបបទ (Guideline) ចាប់ពីចំណុចចាប់ផ្តើមដល់បញ្ចប់និក្ខេបបទទាំងមូល (Conceptual Framework) សិស្សត្រូវកំណត់វិធីសាស្ត្រសិក្សាស្រាវជ្រាវ (Research Methodology) និង របៀបឡើងការពារនិក្ខេបបដោយខ្លួនឯង (៣). ត្រូវបន្តពង្រឹងសមត្ថភាពភាសាអង់គ្លេស និង បង្កើតយន្តការវាយតម្លៃឱ្យកាន់តែមានប្រសិទ្ធភាព ( វាយតម្លៃដោយសិស្ស និងគ្រូបង្រៀនដូចគ្នា)។

គួរបញ្ជាក់ដែរថា ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយមូលនិធិ CIESF លើការអនុវត្តគម្រោងសៀវភៅព័ត៌មានត្រឡប់ (កំណត់ផ្តល់មតិស្ថាបនា), ការបណ្ដុះបណ្តាលសហគ្រិន និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ៕

ប្រភព៖ MoEYS