|

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមក្នុងកិច្ចជំនួបរវាងក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន


ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមក្នុងកិច្ចជំនួបរវាងក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានជាមួយប្រធានអន្តរវិស័យក្រោមសសរស្តម្ភសហគមន៍សង្គម-វប្បធម៌អាស៊ានរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ASCC Council Interface Meeting with ASCC Sectoral Bodies Chair of Lao PDR) នៅខេត្តហ្លួងព្រះបាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។

កិច្ចជំនួបនេះប្រព្រឹត្តទៅដោយផ្ទាល់ និងតាមអនឡាញ ដែលមានការចូលរួមពីរដ្ឋមន្ត្រីនៃក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន រដ្ឋមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានប្រទេសទីម័រឡេស្តក្នុងនាមជាប្រទេសសង្កេតការណ៍ អគ្គលេខាធិការអាស៊ាន ឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន តំណាងអចិន្ត្រៃយ៍សហគមន៍សង្គម-វប្បធម៌អាស៊ាន គណៈប្រតិភូនៃរដ្ឋសមាជិកអាស៊ាន ទីម័រឡេស្ត និងលេខាធិការដ្ឋានអាស៊ាន។

កិច្ចជំនួបបានលើកយកប្រធានបទស្តីពីការអភិវឌ្ឍផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ានក្រោយឆ្នាំ២០២៥ មកពិភាក្សា និងផ្លាស់ប្តូរយោបល់ ដោយផ្តោតទៅលើចំណុចសំខាន់ៗ៖ (១) និន្នាការចម្បងៗដែលអន្តរវិស័យនឹងជួបបញ្ហាប្រឈមក្នុងកំឡុងពេល៥ឆ្នាំ ១០ឆ្នាំ និង២០ឆ្នាំបន្ទាប់ និងដំណោះស្រាយ ឬការត្រៀមខ្លួនសម្រាប់និន្នាការទាំងអស់នោះ (២) យុទ្ធសាស្ត្រទាក់ទាញការចូលរួមរបស់ភាគីពាក់ព័ន្ធជាមួយដៃគូសន្ទនានៃសហគមន៍សង្គម-វប្បធម៌អាស៊ាន មជ្ឈមណ្ឌលអាស៊ាន និងភាគីពាក់ព័ន្ធដទៃទៀត (៣) យុទ្ធសាស្ត្រក្នុងការពង្រឹងយន្តការអាស៊ាន ដើម្បីលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាជនអាស៊ានក្រោយឆ្នាំ២០២៥ (៤)យុទ្ធសាស្ត្ររបស់សហគមន៍សង្គម-វប្បធម៌អាស៊ាន ដើម្បីលើកកម្ពស់ចំណុចគន្លឹះនៃបរិយាបន្ន ភាពធន់ ដំណើរការ និរន្តរភាព និងអត្តសញ្ញាណអាស៊ាន ក្នុងរយៈពេល២០ឆ្នាំខាងមុខ។

ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនក្នុងការដោះស្រាយបញ្ហាប្រឈមរួមមាន៖ ជំនាញ និងបច្ចេកវិទ្យាសម្រាប់យុវជន ព័ត៌មាន អប់រំ ការប្រែប្រួលអាកាសធាតុ ការត្រៀមខ្លួន និងការរៀបចំសម្រាប់ចំនួនប្រជាជនវ័យចំណាស់ និងការការពារបរិស្ថាន៕

ប្រភព៖ Moeys