|

អ្នកនាំពាក្យក្រសួងកសិកម្ម៖ ដំណាំសក្តានុពលខ្លាំងចំនួន៤ នឹងត្រូវរៀបចំចងក្រងឱ្យទៅជាសហគមន៍កសិកម្មទំនើប


អស់រយៈកាលជាង១ខែ ក្រោយពីកម្មវិធីគោលនយោបាយអាទិភាពនៃសហគមន៍កសិកម្មទំនើប ត្រូវបានប្រកាសដាក់ឱ្យអនុវត្តដោយសម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងារបានចុះជួបផ្សព្វផ្សាយ ជួបពិភាក្សា និងជំរុញកម្មវិធីគោលនយោបាយនេះដោយផ្ទាល់ជាមួយបងប្អូនកសិករ និងសហគមន៍នានា នៅក្នុងខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ ខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តកណ្តាល បានសរុបចំនួន ៣៦ដង ក្នុងនោះ សហគមន៍ស្រូវ ១១ដង សហគមន៍បន្លែ ១៨ដង និងសហគមន៍ផ្សេងៗទៀត ៧ដង ប៉ុន្តែនេះជាលើកទី១មួយហើយ ដែលបានជួបធ្វើការជាមួយបងប្អូនសហគមន៍ស្វាយចន្ទី។ នេះបើតាមការគូសបញ្ជាក់របស់ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ នៅលើទំព័រផ្លូវការរបស់លោក។

លោកបានបន្តថា ស្វាយចន្ទីគឺជាកសិផលដែលត្រូវបាននាំចេញច្រើនជាងគេមួយរបស់កម្ពុជា ហើយកម្ពុជាក៏ស្ថិតក្នុងចំណោមប្រទេសដែលផលិតគ្រាប់ស្វាយចន្ទីនាំមុនគេនៅលើពិភពលោក ទាំងផ្នែកបរិមាណ និងគុណភាព ក្នុងនោះជាង៩០%នៃផលិតកម្មសំដៅបម្រើឱ្យទីផ្សារនាំចេញទៅក្រៅប្រទេស។ ហេតុដូច្នេះហើយទើបដំណាំនេះត្រូវបានចាត់ទុកជាដំណាំយុទ្ធសាស្ត្រ និងមានសក្តានុពលខ្លាំងចំនួន៤ ដែលត្រូវបានផ្តល់អាទិភាពមុនគេនៅក្នុងការជំរុញ និងរៀបចំចងក្រងឱ្យទៅជាសហគមន៍កសិកម្មទំនើប រួមមានដំណាំស្រូវ បន្លែ ម្រេច និងស្វាយចន្ទី។

ការលើកឡើងនេះ ស្របពេល លោក ឃឹម ហ្វីណង់ បានបន្តជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃសហគមន៍កសិកម្មតំបែររុងរឿងក្នុងខេត្តត្បូងឃ្មុំ(សមាជិក ១៥០គ្រួសារ ផ្ទៃដីផលិតកម្ម ៥០០ហិកតា) និងសហគមន៍កសិកម្មសន្ទុករុងរឿងក្នុងខេត្តកំពង់ធំ(សមាជិក ១៤៩គ្រួសារ ផ្ទៃដីផលិតកម្ម ១៦២ហិកតា) ដែលជាសហគមន៍ផលិតស្វាយចន្ទី ដើម្បីផ្សព្វផ្សាយពីទស្សនាទាន និងជំរុញឱ្យទៅក្លាយទៅជាសហគមន៍កសិកម្មទំនើប៕

ប្រភព៖ ឃឹម ហ្វីណង់ – Khim finan