តើឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន មានន័យដូចម្ដេចសម្រាប់ កម្ពុជា-ចិន?


នៅក្នុងជំនួបទ្វេភាគី កាលពីខែតុលាពេលកន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីចិន បានឯកភាព កំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនរវាងកម្ពុជា-ចិន គឺជាមូលដ្ឋាននៃការលើកកម្ពស់វិស័យទេសចរណ៍ និងការតភ្ជាប់រវាងប្រទេស និងប្រទេស។

ដោយឡែកថ្មីៗនេះ ឯកឧត្ដម ជុក ជំនោ អគ្គនាយក នៃអគ្គនាយដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍នៃក្រសួងទេសចរណ៍ បានឱ្យដឹងថា បន្ទាប់ពីមានកិច្ចពិភាក្សាមួយរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈរបស់កម្ពុជា និងក្រសួងវប្បធម៌របស់ប្រទេសចិន នៅខេត្តសៀមរាប នាថ្ងៃទី២១ ខែធ្នូឆ្នាំ២០២៣ ក្នុងការត្រៀមបើកព្រឹត្ដិការណ៍ឆ្នាំ នៃការផ្លាប្ដូរប្រជាជននិងប្រជាជន រវាងប្រទេសទាំងពីរ ដែលធ្វើឡើងនៅតំបន់អង្គរវត្ដនោះ ក្រសួងទាំងពីរ បានកំណត់យកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ខាងមុខនេះជាព្រឹត្ដិការណ៍ឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនរវាងប្រទេសកម្ពុជា និងប្រទេសចិន ។

ឯកឧត្ដមបានបន្ដថា នៅឆ្នាំ២០២៤ខាងមុននេះ រាជរដ្ឋាភិបាលប្រទេសទាំងពីរបានកំណត់នៃការគោរពពិធីនេះជាសំខាន់ ដូចនេះ ក្រុមការងារនៃក្រសួងវប្បធម៌និងទេសចរចិន ព្រមទាំងស្ថាប័នពាក់ព័ន្ធប្រទេសកម្ពុជា បានជួបជុំពិភាក្សាគ្នា ត្រៀមបើកព្រឹត្ដិការណ៍នេះ ឱ្យបានទូលំទូលាយ ដោយអោយអ្នកទស្សនាពីការសម្បែងសិល្បៈរួមគ្នា នៅតំបន់អង្គរ ខណៈដែលព្រឹត្ដិការណ៍នេះ ធ្វើឡើងជាផ្លូវការលើកទីមួយ ក្រោយពីបញ្ចប់វិបត្ដិជំងឺកូវី១៩។

បើតាមឯកឧត្តម ជុក ជំនោ បានអះអាងថា ព្រឹត្ដិការណ៍នេះ មិនត្រឹមតែទាក់ទាញអ្នកទេសចរចិនមកកាន់ទីផ្សារកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានរិតចំណងមិត្ដភាពប្រជាជន និងប្រជាជន វប្បធម៌ អរិយធម៌ ប្រពៃណីនៃប្រទេសទាំងពីរថែមមួយកំរិតទៀត។ព្រឹត្ដិការណ៍នេះ នឹងបើកទស្សនាដោយទូលាយ។ នេះបើយោងតាមមន្ទីរព័ត៌មានខេត្តសៀមរាប៕