|

ឯកឧត្តម នួន ផារ័ត្ន ចែករំលែកបទពិសោធន៍សិក្សាដ៏មានតម្លៃ ដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ទៅប្រទេសនូវែលសេឡង់


នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ចំនួន ២៩ រូប ដែលនឹងចេញទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅប្រទេសនូវែលសេឡង់»។

ក្នុងឱកាសនេះ ឯកឧត្តមអភិបាលរង បានចែករំលែកបទពិសោធន៍សិក្សាដ៏មានតម្លៃ ដែលឯកឧត្តមធ្លាប់បានឆ្លងកាត់ ក្នុងនាមជានិស្សិតអាហារូបករណ៍ និងបានលើកទឹកចិត្តឱ្យប្អូនៗនិស្សិត ខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបយកចំណេះដឹង ដើម្បីត្រឡប់មកចូលរួមអភិវឌ្ឍប្រទេសជាតិខ្លួនវិញ។

ការទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសនូវែលសេឡង់ គឺជាឱកាសមួយដ៏ល្អសម្រាប់និស្សិតកម្ពុជា ក្នុងការទទួលបាននូវចំណេះដឹងថ្មីៗ ដើម្បីពង្រឹងសមត្ថភាពខ្លួន សម្រាប់ជាមូលដ្ឋានក្នុងការអភិវឌ្ឍខ្លួននិងប្រទេសជាតិ។ លើសពីនេះ ក៏ជាការរួមចំណែកមួយ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរកម្ពុជា និងប្រទេសនូវែលសេឡង់ផងដែរ។

សូមជម្រាបថា អាហារូបករណ៍របស់រាជរដ្ឋាភិបាលប្រទេសនូវែលសេឡង់ គឺត្រូវបានគ្រប់គ្រង និង ចាត់ចែងដោយក្រសួងការបរទេស និងពាណិជ្ជកម្ម(MFAT) របស់ប្រទេសនូវែលសេឡង់។ ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលនូវែលសេឡង់បានផ្តល់ឱកាស ដល់និស្សិតមកពីបណ្តាប្រទេសនានា ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ ទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា នៅតាមសាកល វិទ្យាល័យនានានៅប្រទេសនូវែលសេឡង់ ដើម្បីជួយគាំទ្រដល់សិស្សនិស្សិតទូទាំងពិភពលោកក្នុងការបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ក្នុងគោលដៅចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកប ដោយចីរភាព និង កាត់បន្ថយភាពក្រីក្រ៕