មន្ត្រីអង្គការសុខភាពពិភពលោក៖ វីរុសកូរ៉ូណាមិនទំនងជាបែកធ្លាយចេញពីមន្ទីរពិសោធនៅទីក្រុងវូហានឡើយ
វូហាន៖ក្រុមអ្នកស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ បានអះអាងនៅក្នុងសន្និសីទកាសែតស្ដីពីលទ្ធផលនៃការស្រាវជ្រាវរបស់ខ្លួននៅទីក្រុងវូហានថា វីរុសកូរ៉ូណាទំនងជាមានប្រភពមកពីសត្វ មុនពេលរាលដាលមកដល់មនុស្ស ប៉ុន្តែមិនមានភស្តុតាងណាមួយបង្ហាញថា វីរុសនេះលេចចេញពីមន្ទីរពិសោធនៅទីក្រុងវូហាន ប្រទេសចិនឡើយ។
លោក ផេតធឺ អេមបារិក ដែលជាអ្នកជំនាញផ្នែកជំងឺឆ្លងរបស់អង្គការសុខភាពពិភពលោក និងជាប្រធាន ដឹកនាំបេសកកម្មស្រាវជ្រាវ បានលើកឡើងថា ជំងឺកូវីដ-១៩ ប្រហែលជាមានប្រភពដើមចេញមកពីសត្វ ប៉ុន្តែវាទំនងជាមិនមែនចេញពីទីក្រុងវូហាន នោះទេ។ លោកបន្ថែមទៀតថា ពួកគេពុំបានរកឃើញនូវភស្តុតាងណាមួយទាក់ទងនឹងការផ្ទុះរាលដាលក្នុងទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ មុនពេលនៃការផ្ទុះជំងឺនេះក្នុងទីក្រុងវូហាន កាលពីខែធ្នូ ឆ្នាំ២០១៩ នោះទេ។
ចំណែកឯពាក្យចចាមអារ៉ាមដែលថា កូវីដ-១៩ ប្រហែលជាបែកធ្លាយចេញពីមន្ទីរពិសោធនៅវូហាននោះវិញ លោក Ben Embarak បញ្ជាក់ដូច្នេះ៖«វាជារឿងដែលពិបាកនឹងកើតឡើង និងពិបាកជឿណាស់ ដូច្នេះ ចាប់ពីពេលនេះទៅ ក្រុមអ្នកជំនាញរបស់យើង នឹងបោះបង់ចោលសម្មតិកម្មនេះ ហើយឈប់យកវាមកពិចារណាទៀតហើយ។»
ទន្ទឹមនឹងនេះលោក Liang Wannian តំណាងក្រុមអ្នកវិទ្យាសាស្ត្រចិន បានឆ្លៀតបញ្ជាក់បន្ថែមថា ឆ្លងកាត់ការសិក្សាវិភាគកន្លងមក វីរុសកូរ៉ូណាថ្មីនេះក៏អាចធ្វើដំណើរផ្លូវឆ្ងាយបានដែរ តាមរយៈចំណីអាហារកក។
គិតមកទល់ថ្ងៃទី៩ កុម្ភៈនេះ ក្រុមអ្នកស្រាវជ្រាវបានបំពេញបេសកម្មស្រាវជ្រាវរបស់ខ្លួន អស់រយៈពេល៤សប្ដាហ៍ ហើយ ដោយពួកគេផ្តោតសំខាន់លើ ផ្សារគ្រឿងសមុទ្រនៅទីក្រុងវូហាន វិទ្យាស្ថានវីរុសសាស្ត្រ និងមន្ទីពិសោធ មួយចំនួន នៅក្នុងទីក្រុងវូហាន រួមមានទាំងមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺក្នុងទីក្រុង Wuhan ដែលពួកគេជឿថា សុទ្ធសឹងតែជាទីកន្លែងមុខសញ្ញានៃការកកើតមេរោគឆ្លងនេះ៕
រូបភាព៖ WHO
ដោយ៖ សាន ស្រីនិច
កែសម្រួលដោយ៖ ង៉ាយ ណៃ