អ្វីទៅជារូបមន្ត «យកស្លឹកត្នោត ខ្ចប់ស្ករត្នោត» របស់រាជរដ្ឋាភិបាលកម្ពុជា?
«យកស្លឹកត្នោត ខ្ចប់ស្ករត្នោត» ជាពាក្យស្លោកដែលសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជាតែងបានប្រើប្រាស់ក្នុងន័យវិនិយោគលើកិច្ចអភិវឌ្ឍ ពោលគឺសំដៅលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗនៅក្នុងស្រុក ដោយថវិកាចេញពីក្នុងស្រុកផ្ទាល់។
សម្ដេច ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ថា៖ «ការរកថវិកាចេញពីក្នុងស្រុក ទី១ គឺមានសុវត្ថិភាព ព្រោះវិនិយោគិនក្នុងស្រុក បើទោះជាមានបញ្ហាអ្វីក៏ដោយ ក៏ពួកគាត់មិនរត់ចោលស្រុកដែរ។ ប៉ុន្តែ បើវិនិយោគិនក្រៅប្រទេស គាត់ចង់ទៅពេលណាក៏បាន»។ «លើសពីនេះ ប្រភពទុនពីក្នុងស្រុក ក៏នឹងជួយជំរុញសេដ្ឋកិច្ចផងដែរ ព្រោះចរន្តថវិកានឹងវិលក្នុងស្រុកជាជាងវិលចេញទៅក្រៅប្រទេស។ រូបមន្តនេះ គឺការប្រើធនធានដែលមានស្រាប់ឱ្យអស់លទ្ធភាព។
ដោយឡែកកាលពីពេលថ្មីៗនេះ តាមរយៈរូបមន្ត “យកស្លឹកត្នោត ខ្ចប់ស្ករត្នោត” កម្ពុជាក្រោមការដឹកនាំរបស់រដ្ឋាភិបាល សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សម្រេចបាននូវសមិទ្ធផលថ្មីស្រឡាងមួយ គឺស្ពានកោះនរា ដែលកើតចេញពីការយកថវិកាពីតំបន់អភិវឌ្ឍន៍ មកអភិវឌ្ឍន៍នៅហ្នឹងកន្លែងតែម្ដង ពោលគឺការយកថវិកាពីតំបន់អភិវឌ្ឍន៍ទីក្រុងកោះនរា របស់ក្រុមហ៊ុន OCIC ដើម្បីសាងសង់ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា និងតភ្ជាប់បន្តទៅផ្លូវជាតិលេខ ១។
ស្ពាននេះនឹងរួមចំណែក ក្នុងការកាត់បន្ថយដល់ការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្ស និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ ជាពិសេស បានកាត់បន្ថយការចំណាយ ព្រមទាំងបានជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅប៉ែកខាងកើតនៃរាជធានីភ្នំពេញជាង២០ម៉ឺននាក់ ដែលរស់នៅក្នុងតំបន់ភូមិសាស្ត្រខណ្ឌច្បារអំពៅ ផ្លូវជាតិលេខ ១ និងស្រុកកៀនស្វាយ ។
យោងតាមអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា សមិទ្ធផលថ្មី និងដ៏សំខាន់មួយនេះ ស្ថិតនៅក្នុងអាទិភាពគន្លឹះទី២ នៃអាទិភាពគន្លឹះទាំង៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ។
សូមបញ្ជាក់ផងដែរថា ស្ពានតភ្ជាប់រវាងទីក្រុងរណបកោះនរា ដែលស្ថិតនៅខណ្ឌច្បារអំពៅ និងទីក្រុងរណបកោះពេជ្រ ស្ថិតនៅខណ្ឌចំការមន ដោយឆ្លងកាត់ទន្លេបាសាក់ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២០ ដែលសាងសង់ដោយក្រុមហ៊ុន OCIC។ ស្ពានខ្សែកាបដ៏ថ្មីសន្លាងមួយនេះ មានប្រវែង ៨៤៤ ម៉ែត្រ និង ទទឹង២៤,៥០ ម៉ែត្រ ចែកចេញជា ៤គន្លងរថយន្ត ២គន្លងទោចក្រយានយន្ត និង ២គន្លងសម្រាប់ថ្មើរជើង ព្រមទាំងមានផ្លូវកាត់ក្រោមគល់ស្ពានស្របច្រាំងទន្លេទាំងសងខាងផងដែរ។ ស្ពានកោះនរា គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕