|

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ដើម្បីក្លាយខ្លួនជាគ្រូបង្រៀនសតវត្សរ៍ទី២១ គ្រូបង្រៀនចាំបាច់ត្រូវហ៊ានវិនិយោគ


នេះជាប្រសាសន៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសអញ្ជើញធ្វើបាឋកថាស្ដីពី “គោលនយោបាយពាក់ព័ន្ធនឹងការធ្វើកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា“ ដោយមានការអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំក្រោមឱវាទក្រសួង គណៈគ្រប់គ្រង បុគ្គលិកអប់រំ ព្រមទាំងគ្រូឧទ្ទេសវិទ្យាស្ថានជាតិអប់រំ សរុបប្រមាណ ១០៤០នាក់។

បាឋកថានេះ ត្រូវបានធ្វើឡើងដើម្បីបង្ហាញផ្តោតទៅលើគោលនយោបាយរួមពីកំណែទម្រង់វិស័យអប់រំ និងដើម្បីបង្ហាញថា តើគ្រូសតវត្សរ៍ទី២១ ត្រូវមានគុណសម្បត្តិយ៉ាងដូចម្តេច ពិសេសគរុសិស្ស គរុនិស្សិតដែលកំពុងបន្តការសិក្សានៅវិទ្យាស្ថានជាតិអប់រំ ត្រូវតែខិតខំប្រឹងប្រែងអនុវត្តតាមអ្វីដែលជាគោលដៅនៃការបណ្ដុះបណ្ដាលធនធានមនុស្ស។

ក្នុងឱកាសនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ដើម្បីក្លាយខ្លួនជាគ្រូបង្រៀនសតវត្សរ៍ទី២១ គ្រូបង្រៀនចាំបាច់ត្រូវហ៊ានវិនិយោគចំណាយពេល សិក្សាស្រាវជ្រាវ ស្វែងយល់ និងអនុវត្ត។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានបន្ថែមថា ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាលទី១ ដឹកនាំដោយ សម្តេចមហាបវរធិបតី បានបន្ថែមបច្ចេកវិទ្យា និងឌីជីថល ជាមុំសំខាន់មួយទៀត ដើម្បីឈានទៅរកកសាងសង្គមឌីជីថល។

សូមជម្រាបថា បាឋកថានេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយស្ដីពី គោលនយោបាយពាក់ព័ន្ធនឹងការធ្វើកំណែទម្រង់វិស័យអប់រំ សំដៅលើកកម្ពស់ការចូលរួមពីសំណាក់គ្រូបង្រៀន ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ប្រកបដោយប្រសិទ្ធភាព សម្រេចបានស្របតាមចក្ខុវិស័យក្រសួងអប់រំ យុវជន និងកីឡា និងចក្ខុវិស័យដែលដាក់ចេញដោយ សម្តេចមហាបវរធិបតី ដោយប្រែក្លាយសាលារៀន ក្លាយជាសាលារៀនគំរូ ប្រែក្លាយគ្រូបង្រៀនក្លាយជាគ្រូសតវត្សរ៍ទី២១៕

ប្រភព៖ MoEYS