រដ្ឋប្រហារ នឹងផ្ដល់សម្ពាធធ្ងន់ធ្ងរសម្រាប់យោធាមីយ៉ាន់ម៉ា


លោក Nehginpao Kipgen សាស្រ្តាចារ្យ និងជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍(CSEAS) និយាយថា ការដាក់ប្រទេសក្នុងគ្រាអាសន្ន និងការឃុំខ្លួនទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសានស៊ូជី នឹងមានផលប៉ះពាល់ធំធេងសម្រាប់យោធាមីយ៉ាន់ម៉ា។

ការឃុំខ្លួនដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី អ៊ុងសានស៊ូជី និងការប្រកាសដាក់ប្រទេសស្ថិតក្នុងគ្រាអាសន្នមួយឆ្នាំ កាលពីថ្ងៃទី១ ខែកុម្ភៈកន្លងទៅ បានធ្វើឱ្យប្រទេសនៅក្នុងតំបន់ ក៏ដូចជាសហគមន៍អន្តរជាតិសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញការដើរថយក្រោយនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសមីយ៉ាន់ម៉ា។

បើតាមអ្នកវិភាគនយោយបាយអន្តរជាតិ ភាពតានតឹងរវាងគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD)របស់លោកស្រី អ៊ុងសានស៊ូជី និងយោធាមីយ៉ាន់ម៉ា ចាប់ផ្ដើមមានភាពល្អក់កករខ្លាំងតាំងពីជ័យជម្នះភ្លូកទឹកភ្លូកដីរបស់គណបក្ស NLD នៅក្នុងការបោះឆ្នោតជាតិ កាលពីខែវិច្ឋិកា ឆ្នាំ២០២០មក។

គណបក្សសាមគ្គីភាព និងការអភិវឌ្ឍ (USDP) ដែលជាគណបក្សប្រឆាំងដ៏ធំមួយ ព្រមទាំងមានទំនាក់ទំនងជិតស្និទ្ធជាមួយយោធាមីយ៉ាន់បានលើកឡើងថា ការបោះឆ្នោតកន្លងទៅពុំមានភាពសុក្រឹត្យយុត្តិធម៌នោះទេ ពោលគឺមានការលួចបន្លំសន្លឹកឆ្នោត និងភាពអសកម្មជាច្រើនបានកើតឡើង។ ដូច្នេះ លទ្ធផលនៃការបោះឆ្នោតមិនអាចចាត់ទុកជាផ្លូវការបានឡើយ។ តំណាងគណបក្ស (USDP)បញ្ជាក់ដូច្នេះ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍បន្ថែមទៀតនោះ ពួកគេបានចោទប្រកាន់គណៈកម្មការរៀបចំការបោះឆ្នោតសហភាព (UEC) ថាបានជួយគណបក្ស NLD តាមរយៈការលួចបន្លំសន្លឹកឆ្នោត ដោយអនុញ្ញាតឱ្យចម្លងឈ្មោះដែលប្រើប្រាស់អត្តសញ្ញាណប័ណ្ណដូចគ្នា ការបោះឆ្នោតដោយគ្មានអត្តសញ្ញាណប័ណ្ណឬប្រើប្រាស់អត្តសញ្ញាណប័ណ្ណក្លែងក្លាយ និងអនុញ្ញាតឱ្យអ្នកមិនទាន់គ្រប់អាយុបោះឆ្នោតជាដើម។

គួរបញ្ជាក់ផងដែរថា នៅមុនរដ្ឋប្រហារ រដ្ឋាភិបាលរបស់លោកស្រី អ៊ុងសានស៊ូជីទទួលរងទុកបុកម្នេញពីក្រុមយោធាមីយ៉ាន់ម៉ាដែលនៅតែបន្តមានឥទ្ធិពលខ្លាំងលើស្ថានភាពនយោបាយរបស់ប្រទេសនេះ។

ក្នុងសន្និសីទកាសែតកាលពីថ្ងៃទី២៦ ខែមករាកន្លងទៅ អ្នកនាំពាក្យយោធា លោកឧត្តមសេនីយ៍ Zaw Min Tun បានគម្រាមកំហែងដោយព្រមានថា៖ «យោធានឹងចាត់វិធានការប្រសិនបើពុំមានដំណោះស្រាយណាមួយត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយបញ្ហាកំពុងប្រឈមនោះទេ។»

អ្នកវិភាគមើលឃើញថា ការធ្វើរដ្ឋប្រហារមិនមែនជាដំណោះស្រាយល្អបំផុតក្នុងការបញ្ចៀសមីយ៉ាន់ម៉ាឱ្យរួចផុតពីបញ្ហាកំពុងកើតមាននោះឡើយ ផ្ទុយទៅវិញយោធាមីយ៉ាន់ម៉ានឹងប្រឈមសម្ពាធកាន់តែខ្លាំងពីសហគមន៍អន្តរជាតិ។

លោកប្រធានាធិបតីអាមេរិក ចូបៃឌិន កាលពីថ្ងៃទី៣១ ខែមករា បានចេញសេចក្ដីថ្លែងការមួយថា៖«យើងបន្តបញ្ជាក់ការគាំទ្ររបស់យើង ចំពោះលទ្ធិប្រជាធិបតេយ្យនៅប្រទេសមីយ៉ាន់ម៉ា ដោយមានការសម្របសម្រួលជាមួយដៃគូក្នុងតំបន់របស់យើង ដើម្បីជំរុញឱ្យយោធា និងគណបក្សដទៃទៀតប្រកាន់ភ្ជាប់នូវបទដ្ឋានលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ និងដោះលែងអ្នកដែលត្រូវបានចាប់ខ្លួនទាំងអស់។»

សេចក្ដីថ្លែងការដដែលបានឱ្យដឹងទៀតថា៖«សហរដ្ឋអាមេរិកប្រឆាំងនឹងការប៉ុនប៉ងណាមួយដើម្បីផ្លាស់ប្តូរលទ្ធផលនៃការបោះឆ្នោតថ្មីៗនេះ ឬរារាំងការផ្លាស់ប្តូរប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ា ហើយនឹងចាត់វិធានការប្រឆាំងនឹងអ្នកទទួលខុសត្រូវប្រសិនបើមានការគម្រាមកំហែងមកលើអ្នកតំណាងរាស្ត្របក្សកាន់អំណាច។ យើងកំពុងតាមដានស្ថានការណ៍នេះយ៉ាងដិតដល់ហើយឈរជាមួយប្រជាជនមីយ៉ាន់ម៉ា ​​ដែលបានស៊ូទ្រាំយ៉ាងខ្លាំងក្នុងដំណើរស្វែងរកលទ្ធិប្រជាធិបតេយ្យនិងសន្តិភាព។»៕

រូបភាព៖ CNA

ដោយ៖ ង៉ាយ ណៃ