រូបចម្លាក់បុរាណខ្មែរប្រាំរូប នឹងត្រូវបញ្ជូនមកកាន់កម្ពុជាវិញ


រូបចម្លាក់បុរាណខ្មែរចំនួនប្រាំរូប មានអាយុកាលតាំងពីសតវត្សរ៍ទី៦ រហូតដល់សម័យអង្គរ នឹងត្រូវបញ្ជូនពីសហរដ្ឋអាមេរិកមកកាន់កម្ពុជាវិញ ក្រោយមានការចរចារអស់រយៈពេលបីឆ្នាំ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអ្នកកាន់កាប់វត្ថុបុរាណនេះ។ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ស្ដីពីការបញ្ជូនត្រឡប់នៃសម្បត្តិវប្បធម៌ខ្មែរ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០។

ខ្លឹមសារនៃសេចក្ដីប្រកាសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ រៀបរាប់ថា ក្នុងដំណាក់កាលដំបូង វត្ថុបុរាណខ្មែរចំនួន៥រូប ក្នុងនោះមានបដិមាព្រះឥសូរនិងព្រះស្កន្ទ ធ្វើពីថ្មភក់ មកពីរមណីយដ្ឋានកោះកេរ្តិ៍  និងកន្សៃទូកធ្វើពីសំរឹទ្ធ នឹងត្រូវបញ្ជូនមកដល់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ។ ចំណែកពេលវេលាជាក់លាក់ទៅតាមដំណាក់កាលនីមួយៗ នៃការវិលត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ខ្មែរទាំងនោះ ក្រសួងនឹងជូនដំណឹងតាមក្រោយ។

សេចក្ដីប្រកាសនេះបានឱ្យដឹងទៀតថា វត្ថុបុរាណខ្មែរជាង១០០រូប ធ្វើពីថ្ម និងសំរឹទ្ធ រួមទាំងសម្បត្តិវប្បធម៌ផ្សេងទៀត នឹងត្រូវបញ្ជូនមកកម្ពុជាវិញជាបន្តបន្ទាប់។ ស្នាដៃវិចិត្រទាំងនេះមានអាយុកាលតាំងពីសតវត្សរ៍ទី៦ រហូតដល់សម័យក្រោយអង្គរ។ សេចក្ដីប្រកាសបន្ថែមថា វត្ថុបុរាណទាំង៥នេះ រួមទាំងទាំងវត្ថុបុរាណមានតម្លៃផ្សេងទៀតមកពីអតីតរាជធានីកោះកេរ្តិ៍ និងតំបន់អង្គរ នឹងត្រូវដាក់បង្ហាញនៅសារមន្ទីរភ្នំពេញ នាពេលខាងមុខ។

ជុំវិញការបញ្ជូនរូបចម្លាក់មកកាន់កម្ពុជាវិញនេះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងចិត្រសិល្បៈ លើកឡើងថា៖«ការខិតខំរួមគ្នាជាមួយសហរដ្ឋអាមេរិក គឺជាចំណងមិត្តភាពដ៏ល្អរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក និងស្របពេលនៃការរំឭកខួបទី៧០នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។»

លោកស្រី បន្តទៀតថា ព្រឹត្តិការណ៍នេះអាចបង្ហាញពីទស្សនៈវិស័យដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការនាពេលពេលអនាគត ដែលលើកកម្ពស់តម្លៃនៃសម្បត្តិខ្មែរ ទុកជាគុណប្រយោជន៍ដ៏ខ្ពង់ខ្ពស់។ នេះបើតាមខ្លឹមសារនៃសេចក្ដីជូនដំណឹង៕

ដោយ៖ Ngay Nai