|

លោក ហ្សង់ហ្រ្វង់ស័រ តាន់៖ គោរមងារ «សម្តេច» បានផ្សារភ្ជាប់នឹងប្រពៃណីរបស់កម្ពុជា តាំងពីបុរាណកាលមកម្ល៉េះ


លោក ហ្សង់ហ្រ្វង់ស័រ តាន់ បានរៀបរាប់បែបនេះក្នុងឱកាសដែល ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ព្រះរាជទានគោរមងារ ដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុត ជា «សម្តេចមហាបវរធិបតី»។

លោកបានលើកឡើងថា «ជាទូទៅ«សម្តេច» គឺជាគោរមងារខ្ពង់ខ្ពស់ឧត្តុង្គឧត្តមមួយនៅក្នុងបណ្តាប្រទេសដែលប្រកាន់របបរាជានិយម។ ដោយឡែក នៅក្នុងព្រះរាជាណាចក្រកម្ពុជា ការៀបផ្សារភ្ជាប់គោរមងារ«សម្តេច» ទៅនឹងតំណែងកំពូលខ្ពង់ខ្ពស់ ជាការមួយសមរម្យ ដ្បិតវាស្របទៅនឹងប្រពៃណីបរមបុរាណរបស់យើង។»

លោកបានបន្តថា « នៅស្រុកយើង តាំងពីបុរាណកាលមក គោរមងារមួយចំនួនសុទ្ធតែភ្ជាប់ទៅនឹងមុខតំណែងសំខាន់ៗ  ឧទាហរណ៍ដូចជា «ឧកញ៉ាចក្រី», «ឧកញ៉ាក្រឡាហោម», «ឧកញ៉ាយមរាជ»។ល។ ក្នុងន័យនេះ ការតភ្ជាប់គោរមងារ«សម្តេច»ទៅនឹងមុខតំណែង ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា ឬ នាយករដ្ឋមន្ត្រី គឺជាការវិលត្រឡប់ទៅរកប្រពៃណីជាតិមួយដ៏រឹងមាំនិងដ៏គង់វង្សយូរអង្វែងនៃរបបរាជានិយមនៅកម្ពុជា។»

សូមជម្រាបថា យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៩២៣/២១០៨ ចុះថ្ងៃទី ២កញ្ញា២០២៣ របស់ព្រះមហាក្សត្រ, ពីអំណឹះតទៅ នឹងមានប្រពៃណីមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង នោះគឺអ្នកកាន់តំណែងកំពូលរបស់ជាតិចំនួន៣ នឹងទទួលបានគោរមងារជា «សម្តេច»។ តំណែងទាំង៣នោះ គឺ ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា និង នាយករដ្ឋមន្រ្តី៕