កញ្ញា សៅ ដាឡែន៖ Media ដើរតួនាទីកាន់តែសំខាន់ និងពុំអាចខ្វះបាន


មានទឹកមុខស្រស់ស្រាយ និងស្នាមញញឹមប្រកបដោយភាពជឿជាក់ នាងកំពុងមមាញឹកបំពេញកិច្ចការសាលា ជាមួយមិត្តភក្ដិឯទៀតយ៉ាងស្វាហាប់។ នេះគឺជាកញ្ញា សៅ ដាឡែន និស្សិតឆ្នាំទី៣ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍(DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ដោយចិត្តស្រលាញ់ខាងផ្នែកប្រព័ន្ធផ្សព្វផ្សាយ បូករួមនឹងការជំរុញពីក្រុមគ្រួសារ ជាពិសេសបងស្រី ដាឡែន បានសម្រេចចិត្តប្រឡងចូលរៀននៅ DMC ក្រោយទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីឆ្នាំ ២០១៨។

ជាមួយនឹងពាក្យសម្ដីទន់ភ្លន់ និស្សិតឆ្នាំទី៣រូបនេះរំឭកថា៖«ក្រោយបញ្ចប់ថ្នាក់វិទ្យាល័យភ្លាម ខ្ញុំព្យាយាមស្វែងរកព័ត៌មានអំពីសាលានានា ដែលមានផ្ដល់កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញប្រព័ន្ធផ្សព្វផ្សាយ (media)។ ដោយមានការណែនាំពីបងស្រីរបស់ខ្ញុំដែលជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទនេះស្រាប់ ខ្ញុំក៏សម្រេចចិត្តមកដាក់ពាក្យប្រឡងចូលរៀននៅ DMC ដើម្បីចាប់ផ្ដើមបង្កើតក្ដីស្រមៃឱ្យក្លាយជាការពិត។»

ដាឡែន បន្តរៀបរាប់ថា មានហេតុផលជាច្រើនដែលធ្វើឱ្យនាងចាប់ចិត្តស្រលាញ់ជំនាញនេះ។ ក្នុងនោះហេតុផលចម្បងបំផុត គឺដោយសារតែនាងមើលឃើញពីសារៈសំខាន់របស់ media ក្នុងការរួមចំណែកចែករំលែកព័ត៌មាន ឬព្រឹត្តិការណ៍ផ្សេងៗទៅកាន់ពលរដ្ឋបានទាន់ពេលវេលា និងឆាប់រហ័ស។

«Media ដើរតួនាទីសំខាន់ខ្លាំងណាស់ ក្នុងការបញ្ជូនដំណឹងដែលកំពុងកើតមានឡើង និងធ្វើបច្ចុប្បន្នភាពរឿងរ៉ាវផ្សេងៗឱ្យស្របទៅតាមស្ថានការណ៍ជាក់ស្ដែង។ សព្វថ្ងៃ មានប្រព័ន្ធផ្សព្វផ្សាយច្រើនប្រភេទដូចជា ទូរទស្សន៍ វិទ្យុ កាសែត និងជាពិសេសសារព័ត៌មានអនឡាញ កំពុងបំពេញតួនាទីជាអ្នកចែករំលែកនូវរាល់ព័ត៌មានដែលកំពុងកើតមានឡើងថ្មីៗ ទាំងក្នុង និងក្រៅប្រទេស។ បន្ថែមពីនេះ ស្របពេលដែលបច្ចេកវិទ្យាកាន់តែរីកចម្រើន ធ្វើឱ្យការរាយការណ៍ព័ត៌មាន កាន់តែមានភាពងាយស្រួល និងឆាប់រហ័ស។» កញ្ញា បញ្ជាក់យ៉ាងដូច្នេះ។

ដាឡែន ពោលថា៖ «ប្រសិនបើពលរដ្ឋមិនបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយនោះទេ ពិតណាស់ ពួកគេនឹងមិនអាចសម្រេចចិត្តបានត្រឹមត្រូវ នៅក្នុងការរស់នៅប្រចាំថ្ងៃរបស់ពួកគេឡើយ។ ឧទាហរណ៍ថា ប្រសិនបើចង់វិនិយោគលើវិស័យអចលនទ្រព្យ ប៉ុន្តែអ្នកវិនិយោគមិនមានព័ត៌មានគ្រប់គ្រាន់អំពីវិស័យនេះ ឬមិនបានដឹងច្បាស់អំពីស្ថេរភាពនយោបាយនោះទេ ប្រាកដណាស់ថា គេនឹងមិនហ៊ានប្រថុយដាក់ទុនវិនិយោគឡើយ។»

ទន្ទឹមនឹងនេះ កញ្ញាក៏បានគូសបញ្ជាក់ថា បើទោះបីជា media ហាក់ផ្ដល់ប្រយោជន៍ច្រើន វាក៏បានបង្កើតនូវបញ្ហាមួយចំនួនផងដែរ។ ពីព្រោះ បច្ចុប្បន្នមានជនខិលខូចមួយចំនួនកំពុងប្រើប្រាស់ media ដើម្បីបម្រើផលប្រយោជន៍បុគ្គល ដោយយកវាមកផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ក្នុងចេតនាជំរិតទាប្រាក់ ឬដើម្បីកេងចំណេញអ្វីមួយជាដើម។

ដើម្បីបញ្ចៀសនូវបញ្ហាទាំងនេះ ដាឡែន ផ្ដល់ការយល់ឃើញថា៖ «អ្នកប្រើប្រាស់បណ្ដាញសង្គម​ ជាពិសេសពលរដ្ឋទូទៅ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ មុននឹងជឿឬចែករំលែកព័ត៌មានណាមួយ។ ជារួម ត្រូវមើលថា ព័ត៌មាននោះមានប្រភពច្បាស់លាស់ឬអត់ និងគួរឱ្យទុកចិត្តបានដែរឬទេ!»៕

ដោយ៖ Ngay Nai