តើអ្វីដែលធ្វើឱ្យវិទ្យាល័យព្រះមុនីវង្ស ជាប់ឈ្មោះជាសាលារៀនដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ និងល្បីល្បាញជាច្រើនទស្សវត្ស?


វិទ្យាល័យព្រះមុនីវង្ស ជាវិទ្យាល័យដែលមានវ័យចំណាស់មួយ ហើយមានលក្ខណៈជាប្រវត្តិសាស្ត្រ។ វិទ្យាល័យនេះ ទើបតែបានចូលរួមក្នុងគម្រោងកែលម្អការអប់រំមធ្យមសិក្សានៅក្នុងឆ្នាំសិក្សា ២០២២-២០២៣នេះ និងបានរៀបចំជាក្រុមការងារចូលរួមអនុវត្តគម្រោង GEIP បើធៀបនឹងសាលាផ្សេងទៀតក្នុងខេត្ត ក៏ដូចជាសាលារៀនគោលដៅរបស់គម្រោងទាំងមូល គឺនៅមានការយឺតយ៉ាវនៅឡើយ ។ យ៉ាងនេះក្តី វិទ្យាល័យមួយនេះបានខិតខំបំពេញ ការងារប្រកបដោយប្រសិទ្ធភាព និងសម្រេចបានសមិទ្ធផលជាច្រើនដូចជា:

១/ មានសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិន្ទេស A ជារៀងរាល់ឆ្នាំ ដោយចាប់ផ្ដើមធ្វើតេស្តស្ដង់ដាដើមឆ្នាំ ប្រចាំខែ និងប្រចាំឆមាស ការរៀបចំធ្វើផែនការកែលម្អសាលារៀនសម្រាប់រយៈពេល ១ឆ្នាំ ៣ឆ្នាំ និង ៦ឆ្នាំ គណៈគ្រប់គ្រងចំនួន ៨នាក់ និងគ្រូបង្រៀន ២នាក់បានចុះកិច្ចព្រមព្រៀងលទ្ធផលប្រចាំឆ្នាំ មានគណៈកម្មការគ្រប់គ្រងសាលារៀនចំនួន ៨នាក់ ក្នុងនោះមានមេភូមិ ១នាក់ និងអ្នកគាំទ្រការងារអប់រំចំនួន ៥នាក់ ថ្នាក់រៀនទាំង ៧០ថ្នាក់ មានគណៈកម្មការគ្រប់គ្រងថ្នាក់រៀន។ លើសពីនេះ ឆ្នាំ២០២២ សាលារៀនទទួលបានចំណូលបានពីការគាំទ្ររបស់សហគមន៍ចំនួនប្រមាណ ៨០,០០០,០០០រៀល សម្រាប់កែលម្អបរិស្ថានសាលារៀន កែលម្អថា្នក់រៀន ជួសជុលនិងសាងសង់ ជួយសិស្ស និងគ្រួសារសិស្សក្រីក្រ ជួយដំណើរការធ្វើតេស្ត ការបង្រៀនបំប៉ន ជាដើម។

២/ ចំណុចពិសេសដែលវិទ្យាល័យមាន គឺការបង្កើនទំនុកចិត្ដដល់សហគមន៍ ទប់ស្កាត់ការបោះបង់ការសិក្សា ជួយឱ្យលទ្ធផលសិក្សារបស់សិស្សមានការកើនឡើងរាល់ឆ្នាំ និងមានបរិស្ថានសាលារៀនល្អ ជាពិសេសថ្នាក់រៀននីមួយៗមានផាសុខភាព។

ផ្អែកលើមូលដ្ឋានទាំងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានកំណត់លក្ខណៈពិសេសចំនួន ៣ នៃវិទ្យាល័យព្រះមុនីវង្សគឺ៖
ទី(១)ជាសាលារៀនដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ និងល្បីល្បាញជាច្រើនទស្សវត្សកន្លងទៅ
ទី(២)ជាសាលាដែលមានសិស្សជាប់និន្ទេស A ជារៀងរាល់ឆ្នាំ តាំងពីកំណែទម្រង់ឆ្នាំ២០១៤ រហូតមកដល់ពេលបច្ចុប្បន្ន
និងទី(៣)សាលារៀនដែលមានថ្នាក់ពីរភាសា បារាំង-ខ្មែរ បន្តរហូតដល់បច្ចុប្បន្ន។

សូមជម្រាបថា ការវាយតម្លៃនេះធ្វើឡើងកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ក្នុងឱកាសឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញទស្សនកិច្ចពិនិត្យការងារអប់រំ ដំណើរការបង្រៀន និងរៀន ក្នុងគម្រោងកែលម្អការអប់រំចំណេះទូទៅ នៅវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង៕

ប្រភព: MoEYS