ចាប់ពីថ្ងៃទី២៧-៣០ ខែមករា ផ្នែកខ្លះនៃប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយ រួមនឹងខ្យល់បក់ខ្លាំង
ចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី៣០ ផ្នែកខ្លះនៃប្រទេសកម្ពុជាអាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ រួមជាមួយនឹងខ្យល់បក់ខ្លាំង ដោយសារឥទ្ធិពលខ្យល់មូសុងឦសាន។ នេះបើយោងតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ។
សេចក្ដីជូនដំណឹងបាននិយាយថា បណ្ដាខេត្តតំបន់មាត់សមុទ្រ នៅចន្លោះថ្ងៃទី២៧-៣០ ខែមករា នឹងមានភ្លៀងផ្គររន្ទះពីខ្សោយ ទៅច្រើនបង្គួរ។ ចំណែកបណ្ដាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានវិញ នៅចន្លោះថ្ងៃទី២៩-៣០ ខែមករា នឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់ខ្ពង់រាបភាគខាងកើត។
សេចក្ដីជូនដំណឹងបានបន្ថែមទៀតថា សម្រាប់បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល ក៏អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយដូចបណ្ដាខេត្តជាប់មាត់សមុទ្រដែរ ប៉ុន្តែស្ថិតក្នុងកម្រិតខ្សោយ នៅតំបន់ទំនាបភាគខាងត្បូង៕
ប្រភព៖ក្រសួងធនធានទឹក និងឧតុនិយម (ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១)
ដោយ៖ Ngay Nai