ទំនាក់ទំនង អន្តរជាតិមានន័យយ៉ាងណា? ចប់ហើយគួរធ្វើការផ្នែកអ្វី?

សៀកប៉ ជានិស្សិតឆ្នាំទី៤ នៃដេប៉ាតឺម៉ង់សិក្សាអន្តរជាតិ (DIS) នៃវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ និស្សិតដែលមានទីកន្លែងកំណើតក្នុងរាជធានីភ្នំពេញរូបនេះបានឱ្យដឹងត្រួសៗអំពីមុខជំនាញដែលគាត់កំពុងសិក្សាថា៖ ជាទស្សនៈផ្ទាល់ខ្លួន សិក្សាអន្តរជាតិ មានអត្ថន័យទូលំទូលាយ ដែលការសិក្សាផ្តោតរួមទាំង សេដ្ឋកិច្ច នយោបាយ បញ្ហាសង្គមនានា មិនថាក្នុងស្រុក និងក្រៅស្រុក ទ្រឹស្តីទំនាក់ទំនងអន្តរជាតិ អង្គការអន្តរជាតិ ច្បាប់ អភិបាលកិច្ច គោលនយោបាយការបរទេស ទំនាក់ទំនងកាទូតរវាងរដ្ឋ និងរដ្ឋជាដើម។

ជាការពិត ដេប៉ាតឺម៉ង់សិក្សាអន្តជាតិ ដែលនិស្សិតរូបនេះកំពុងតែសិក្សាផ្ទាល់ ត្រូវបានបែងចែងទៅជាពីរឯកទេសសំខាន់ៗគឺ៖

១). ទំនាក់ទំនងអន្តរជាតិ និង

២). សេដ្ឋកិច្ចអន្តរជាតិ ដែលតម្រូវឱ្យនិស្សិតទាំងអស់ក្នុងដេប៉ាតឺម៉ង់នេះអាចធ្វើការជ្រើសរើសបាន នៅពេលដែលពួកគេបោះជើងឈានចូលដល់ឆ្នាំទី៤។

យ៉ាងណាមិញ សៀកប៉ក៏បានជ្រើសរើសយកឯកទេសមួយរួចរាល់ហើយដែរ ទៅតាមចំណង់ចំណូលចិត្ត ឧបនិស្ស័យពីធម្មជាតិ និងកត្តាសំខាន់ៗមួយចំនួនទៀត ដែលកញ្ញាគិតថាវាមានសារៈសំខាន់ទាំងខ្លួនឯងផង និងសង្គមជាតិផង។ មុននឹងបកស្រាយអំពីមូលហេតុនៃការជ្រើសរើសនូវមុខជំនាញខាងលើ សៀកប៉បានបញ្ជាក់អំពីនិយមន័យថា៖ ទំនាក់ទំនងអន្តរជាតិ ផ្តោតសំខាន់ទៅលើទំនាក់ទំនងការទូត ការបង្កើត និងប្រើប្រាស់គោលនយោបាយការបរទេសរបស់រដ្ឋនីមួយៗ ការចរចារ កិច្ចសហប្រតិបត្តិការទ្វេភាគី ឬពហុភាគី ការវិភាគទំនាក់ទំនងការបរទេស ក៏ដូចជាគោលនយោបាយដែលអាចជះឥទ្ធិពលវិជ្ជមាន ឬអវិជ្ជមានជាដើម។

និស្សិតស្រស់សោភារូបនេះបន្តថា “ចំណែកឯសេដ្ឋកិច្ចអន្តរជាតិឯណោះវិញ គឺសិក្សាផ្តោតសំខាន់ខាងសេដ្ឋកិច្ចថ្នាក់អន្តរជាតិ រួមមាន៖ ការយល់ដឹងអំពីទ្រឹស្តីសេដ្ឋកិច្ច ទំនាក់ទំនងសេដ្ឋកិច្ច ការវិភាគគោលនយោបាយការបរទេសផ្នែកសេដ្ឋកិច្ច ទំនាក់ទំនងពាណិជ្ជកម្ម អង្គការអន្តរជាតិខាងសេដ្ឋកិច្ចជាដើម។”

“តាមពិតទៅ ការជ្រើសរើសជំនាញប្រព្រឹត្តទៅជាមួយនឹងមូលហេតុចម្បងជាច្រើន តែអ្វីដែលសំខាន់ជាងគេ គឺដោយសារការចាប់អារម្មណ៍ទៅលើជំនាញនេះ ដែលវាអាចផ្តល់ឱ្យយើងនូវការយល់ដឹងអំពីបញ្ហាសង្គមនានា ជាពិសេសការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការដាក់ចេញនូវគោលនយោបាយណាមួយ និងថាតើរដ្ឋាភិបាលមួយ មានកិច្ចសហការ និងប្រាស្រ័យទាក់ទងយ៉ាងដូចម្តេចខ្លះជាដើម” សៀកប៉បញ្ជាក់យ៉ាងដូច្នេះ។

ជាមួយគ្នានេះដែរ សៀកប៉ក៏បានសង្កត់បន្ថែមទៅលើអត្ថប្រយោជន៍ដែលសង្គមជាតិនឹងទទួលបាន តាមរយៈការសិក្សាជំនាញនេះ។ និស្សិតរូបនេះផ្តល់ជាទស្សនទានបែបនេះថា៖ សារៈប្រយោជន៍នៃការសិក្សាជំនាញមួយនេះសម្រាប់សង្គមពិតជាមាន ដូចបានរៀបរាប់ពីខាងលើ ដោយហេតុថាមុខជំនាញនេះទាក់ទងទៅនឹងបញ្ហាសង្គម ក៏ដូចជាគោលនយោបាយនានារបស់រដ្ឋាភិបាល ដែលជះឥទ្ធិពលមកលើការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋគ្រប់រូប ហើយក៏អាចជួយឱ្យយើងយល់ដឹងពីមូលហេតុនៃការសម្រេចចិត្តរបស់រដ្ឋាភិបាល និងបញ្ហាប្រឈមនានា ដើម្បីស្វែងរកវិធីដោះស្រាយពីសំណាក់រដ្ឋាភិបាល សង្គមស៊ីវិលជាដើម។

បន្ទាប់ពីឆ្លើយតបជាទស្សនៈសង្ខេបទៅនឹងសំណួរមួយចំនួនខាងលើ សៀកប៉ក៏បានបង្ហើបឱ្យដឹងនូវឱកាសសំខាន់ៗមួយចំនួនដែលនិស្សិតនឹងទទួលបានក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រ ហើយក៏ជាចម្ងល់មួយដែលនិស្សិតទូទៅតែងតែចោទឡើង ពិសេសសិស្សប្អូនដែលមានបំណងចង់ប្រឡូកក្នុងជំនាញមួយនេះគួរតែស្វែងយល់។

សៀកប៉បានរៀបរាប់ត្រួសៗចុងក្រោយ ជាមួយនឹងសម្លេងយ៉ាងស្រទន់ និងជឿជាក់ថា “បើផ្អែកតាមបទពិសោធន៍របស់សិស្សច្បង ក៏ដូចជាអតីតនិស្សិតដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រនេះ ជំនាញមួយនេះបានផ្តល់ឱកាសការងារជាច្រើន មិនថាការងារក្នុងស្ថាប័នសាធារណៈ ស្ថាប័នឯកជន ក៏ដូចជានៅតាមអង្គការក្រៅរដ្ឋាភិបាលនោះទេ។ ឱកាសការងារមួយចំនួនរួមមាន៖ មន្ត្រីការបរទេស មន្រ្តីគោលនយោបាយ អ្នកស្រាវជ្រាវសង្គមរបស់រដ្ឋាភិបាល អង្គការជាតិ និងអង្គការអន្តរជាតិ ទីប្រឹក្សាកិច្ចការសាធារណៈ អ្នកឯកទេសខាងទំនាក់ទំនង សាស្រ្តាចារ្យអប់រំជាន់ខ្ពស់ មន្រ្តីនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ អ្នកគ្រប់គ្រងគម្រោង និងជាបុគ្គលិកការងារនៅវិស័យឯកជនផងដែរ។ នេះក៏ដោយសារជំនាញនេះមានលក្ខណៈទូលំទូលាយ ហើយក៏មានបញ្ចូលការបង្រៀនជំនាញមួយចំនួន ដូចជាការគិតពិចារណាអោយស៊ីជម្រៅ (Critical Thinking) ការវិភាគ ការធ្វើបទបង្ហាញជាដើម”។

អត្ថបទ៖ BRANDMEDIA

រូបភាព៖ Seak Por