លោក Jack Ma បង្ហាញមុខសារជាថ្មី ក្រោយបាត់ខ្លួនអស់ ៣ខែ
លោក Jack Ma ស្ថាបនិកក្រុមហ៊ុន Alibaba Group បង្ហាញមុខជាសាធារណៈលើកដំបូងនៅក្នុងឃ្លីបវីដេអូមួយកាលពីថ្ងៃពុធ បន្ទាប់ពីបាត់មុខជិតបីខែ គិតចាប់ពីសុន្ទរកថាចុងក្រោយបង្អស់របស់លោក កាលពីថ្ងៃទី២៤ ខែតុលា នៅឯទីក្រុង Shanghai។
យោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Tianmu News លោក Jack Ma បាននិយាយនៅក្នុងឃ្លីបវីដេអូមួយថា លោក បានគិត និងរៀនមួយរយៈចុងក្រោយមកនេះ ធ្វើយ៉ាងណា ដើម្បីជួយដល់គ្រូបង្រៀននៅតំបន់ដាច់ស្រយាលនៃប្រទេសចិន តាមរយៈសមាគមរបស់លោក The Rural Teachers Initiative ។
លោក Ma បាននិយាយនៅក្នុងឃ្លីបវីដេអូបន្តថា៖ «សហគ្រិន ឬអ្នករកស៊ីទាំងអស់ គួរមានទំនួលខុសត្រូវក្នុងការគាំទ្រនិងលើកទឹកចិត្តដល់គ្រូបង្រៀន ចូលរួមពង្រឹងគុណភាពអប់រំនៅតំបន់ដាច់ស្រយាល និងខិតខំប្រឹងប្រែងសម្រាប់ការអភិវឌ្ឍនៅតំបន់ជនបទ ក៏ដូចជាវឌ្ឍនភាពជារួមនៅក្នុងសង្គម។»
គំនិតផ្តួចផ្តើមគ្រូនៅតាមជនបទ Jack Ma (The Jack Ma Rural Teachers Initiative)និងពានរង្វាន់គ្រូបង្រៀននៅជនបទ (Jack Ma Jack Ma Rural Teachers Award)ក៏បានផ្តល់នូវការគាំទ្រផ្នែកសាច់ប្រាក់និងអាហារូបករណ៍រយៈពេល ៣ ឆ្នាំដល់គ្រូដែលអាចបង្កើនជំនាញបង្រៀនរបស់ពួកគេ និងជួយកុមារនៅជនបទឱ្យរស់នៅប្រកបដោយសុខុមាលភាព និងទទួលបានការអប់រំស្របតាមស្តង់ដារ។ លោក Ma បានបន្ថែមយ៉ាងដូច្នេះ។
គួរបញ្ជាក់ថា ការបង្ហាញខ្លួនជាថ្មីរបស់លោក Ma កើតមានឡើង បន្ទាប់ពីមានមន្ទិលសង្ស័យជុំវិញការបាត់ខ្លួនរបស់គាត់។ គេចាំបានថា គិតចាប់ពីសុន្ទរកថាចុងក្រោយរបស់លោក នៅក្នុងទីក្រុង Shanghai កាលពីខែតុលាមក លោក Ma បានបាត់ខ្លួនគួរឱ្យសង្ស័យបន្ទាប់ពីរិះគន់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរបស់ប្រទេសចិន៕
ប្រភព៖ South China Morning Post
រូបភាព៖ Wang HE/Getty Images
ដោយ៖ Ngay Nai