ជប៉ុនវាយតម្លៃគុណភាពវ៉ាក់សាំង ផ្អែកលើការប្រមូលទិន្នន័យរបស់អ្នកជំងឺ


ប្រទេសប្រជុំទៅដោយកម្រងកោះជប៉ុន កំពុងប្រើប្រាស់ក្បួនវេជ្ជសាស្ត្រមួយដើម្បីធ្វើការវាយតម្លៃទៅលើប្រសិទ្ធិភាពរបស់វ៉ាក់សាំង ថាវាអាចជួយការពារការរីករាលដាលនៃវីរុសនេះយ៉ាងដូចម្តេច នេះបើតាមការលើកឡើងពីប្រភពដ៏ជិតដិតនឹងបញ្ហានេះ កាលពីថ្ងៃអាទិត្យកន្លងទៅថ្មីៗនេះ។

ដើម្បីសម្រេចនូវវត្ថុបំណងខាងលើ ប្រភពដដែលបានបញ្ជាក់បន្ថែមថា ជប៉ុនបានប្រមូលទិន្នន័យពីប្រជាជនរបស់ខ្លួន ចំពោះអ្នកជំងឺណាដែលបានទទួលវ៉ាក់សាំងការពារការឆ្លងវីរុសកូវីដ១៩រួចរាល់។

ជាមួយគ្នានេះ ក្រសួងសុខាភិបាលជប៉ុន នឹងរៀបចំបង្កើតឱ្យមានជាប្រព័ន្ធមួយ ក្នុងការប្រមូលយកព័ត៌មានរបស់អ្នកជំងឺទាំងអស់ ដោយបន្ថែមប្រអប់សម្រាប់គូសធីក (Tick) នៅលើសំណៅឯកសារពេទ្យទូទាំងមណ្ឌលសុខភាពសាធារណៈ។ ចំពោះប្រព័ន្ធថ្មីនេះ ក្រុមការងារអាជ្ញាធរមានសមត្ថកិច្ចរបស់ជប៉ុន ក៏ត្រូវចូលរួមយ៉ាងសកម្មផងដែរទៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុភាពក្នុងតំបន់របស់ខ្លួន ដើម្បីធានាដឹងឮអំពីកំណត់ហេតុនៃការចាក់វ៉ាក់សាំងបង្ការរបស់អ្នកជំងឺម្នាក់ៗ។

បើយោងទៅតាមច្បាប់ស្តីពី ជំងឺឆ្លងនៅក្នុងប្រទេសជប៉ុន រាល់វេជ្ជបណ្ឌិតទាំងអស់ ត្រូវបំពេញកាតព្វកិច្ចជាចម្បងក្នុងការបញ្ជូនដំណឹងដល់មណ្ឌលសុខភាពសាធារណៈអំពីឈ្មោះ រោគសញ្ញា និងព័ត៌មានសំខាន់ៗរបស់អ្នកជំងឺ។

ផ្អែកលើប្រភពដដែល រដ្ឋាភិបាលជប៉ុនគ្រោងនឹងចាប់ផ្តើមចាក់វ៉ាក់សាំងជូនបុគ្គលិកពេទ្យទាំងអស់ នៅចុងខែកុម្ភៈខាងមុខនេះ ក្រោយពីវ៉ាក់សាំងណាមួយត្រូវបានអនុម័ត និងអនុញ្ញាតឱ្យប្រើប្រាស់ជាផ្លូវការ។ ចំពោះអ្នកជំងឺ ឬបុគ្គលដែលមិនមែនជាក្រុមបំរើការក្នុងស្ថាប័នសុខាភិបាល តួយ៉ាងដូចជាជនចាស់ជរាដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ នឹងក្លាយទៅជាប្រជាជនដែលមានអាទិភាពក្នុងការទទួលបានវ៉ាក់សាំងបង្ការ យ៉ាងយូរនៅចុងខាងមីនា ពីព្រោះក្រុមប្រជាជនទាំងនេះ ងាយនឹងទទួលរងនូវហានិភ័យខ្ពស់ជាងគេ។

គួរបញ្ជាក់ផងដែរថា ប្រទេសជប៉ុនដែលមានប្រជាជនជាង១២៦ លាននាក់ ក៏មានកិច្ចព្រមព្រៀងនាំចូលវ៉ាក់សាំងបង្ការជាមួយនឹងក្រុមហ៊ុនឱសថ Pfizer Inc ចំនួន១២០លានដូស និងក្រុមហ៊ុន AstraZeneca PLC ចំនួន១២០លានដូសដូចគ្នា។ ក្រៅពីក្រុមហ៊ុនពីរខាងលើ ជប៉ុនក៏ចុះកិច្ចសន្យានាំយកវ៉ាក់សាំងចំនួន ៥០លានដូសបន្ថែមពីក្រុមហ៊ុន Moderna Inc ផងដែរ៕

ខ្លឹមសារលម្អិត៖ https://www.japantimes.co.jp/news/2021/01/18/national/japan-study-coronavirus-vaccination/

រូបភាព៖ GETTY IMAGES / VIA KYODO