ការធ្លាក់យន្តហោះដ៏រន្ធត់របស់មេដឹកនាំក្រុមទាហានស៊ីឈ្នួល Wagner ត្រូវបានសង្ស័យថាជាការសងសឹករបស់រុស្សី ចំពោះភាពអាម៉ាសដែលខ្លួនទទួលបាន


ក្រុមទាហានស៊ីឈ្នួល Wagner ជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានដើរតួនាទីយ៉ាងសំខាន់ក្នុងប្រតិបត្តិការវាយលុកប្រទេសអ៊ុយក្រែន បន្ទាប់ពីការលុកលុយរបស់ទីក្រុងមូស្គូក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ប៉ុន្តែទំនាក់ទំនងរបស់ក្រុម Wagner ជាមួយលោកពូទីនបានធ្លាក់ចុះបន្ទាប់ពី Prigozhin បានបញ្ជាកងទ័ពរបស់គាត់បានបកមកធ្វើការបះបោរនៅទីក្រុងមូស្គូន ដើម្បីផ្តួលអំណាចមេដឹកនាំយោធារុស្ស៊ីវិញ ក្នុងខែមិថុនា។ ពាក់ព័ន្ធនឹងទង្វើនេះ លោកប្រធានាធិបតី រុស្ស៊ី វ្លាឌីមៀរ ពូទីន បានចោទប្រកាន់ ការប៉ុនប៉ងរបស់ក្រុមទាហានស៊ីឈ្នួល Wagner ថាជាទង្វើក្បត់ជាតិ ក្បត់ប្រជាជន និងជាកាំបិតចាក់ពីក្រោយខ្នងប្រជាជនរុស្ស៊ី។

ស្រាប់តែថ្មីៗនេះ មានព័ត៌មានដ៏តក់ស្លុតមួយគឺ យន្តហោះដែលជាប្រភេទ Embraer Legacy កំពុងហោះហើរក្នុងទិសដៅទីក្រុងមូស្គូ និងសាំងពេទឺប៊ឺគ ដែលមានលោកYevgeny Prigozhin ជាអ្នកដំណើរម្នាក់នៅក្នុងនោះ បានធ្លាក់នៅក្នុងតំបន់ Tver ភាគខាងជើងនៃទីក្រុងមូស្គូ កាលពីល្ងាចថ្ងៃពុធ។ ប៉ុន្តែបណ្តាញ Telegram ដែលភ្ជាប់ដោយ Wagner-Gray Zone បានរាយការណ៍ថា យន្តហោះនេះត្រូវបានបាញ់ទម្លាក់ដោយយោធារុស្ស៊ី ទោះបីជាវាមិនមានភស្តុតាងដើម្បីគាំទ្រការអះអាងរបស់ពួកគេក៏ដោយ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ក្រុមអ្នកស៊ើបអង្កេតកំពុងរកមើលមូលហេតុដែលបង្កឱ្យមានការធ្លាក់យន្តហោះនេះ។ ការអត្ថាធិប្បាយលើឧប្បត្តិហេតុនេះ អ្នកវិភាគនយោបាយ Tatiana Stanovaya បាននិយាយថា មូលហេតុនៃការធ្លាក់យន្តហោះមិនសំខាន់ទេ ប៉ុន្តែអ្វីដែលសំខាន់គឺ វាជាសារដ៏សំខាន់ទៅកាន់អ្នកប្រឆាំងដែលមានសក្តានុពលផ្សេងទៀតដូចជា មន្ត្រីសន្តិសុខ និងយោធាថា ការស្លាប់របស់ Prigozhin គួរតែជាមេរៀនមួយ ដែលជាការឆ្លើយតបរបស់ពូទីនចំពោះ អ្នកដែលក្បត់ខ្លួន។

សម្រាប់ក្រុម Wagner ផ្ទាល់ បណ្តាញ Telegram ដែលភ្ជាប់ទៅនឹងទាហានស៊ីឈ្នួលបានអះអាងថា Prigozhin “ត្រូវបានសម្លាប់ … ដោយជនក្បត់របស់រុស្ស៊ី” ។ នៅទីស្នាក់ការ Wagner ក្នុងទីក្រុង St Petersburg បានរៀបចំទីសក្ការបូជាបណ្តោះអាសន្នមួយ ដោយមានមនុស្សនាំយកផ្កា និងទៀនទៅកាន់មជ្ឈមណ្ឌល Wagner។ មកទល់ពេលនេះ ការស៊ើបអង្កេតឧក្រិដ្ឋកម្មមួយនេះត្រូវបានចាប់ផ្តើមពីមូលហេតុនៃការធ្លាក់យន្តហោះក្រោមមាត្រា២៦៣ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសរុស្ស៊ី ដែលគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ និងប្រតិបត្តិការនៃការដឹកជញ្ជូនតាមផ្លូវអាកាស។

គួរបញ្ជាក់ថា កាលពីពីរខែមុនមេដឹកនាំក្រុមទាហានស៊ីឈ្នួល Wagner បានចាប់ផ្តើមការបះបោរខ្លីរបស់គាត់។ ក្រុមទាហានស៊ីឈ្នួលរបស់គាត់បានរឹបអូសយកទីក្រុងធំមួយរបស់រុស្ស៊ី ហើយថែមទាំងបានគ្រប់គ្រងលើទីក្រុងម៉ូស្គូទៀតផង។ បន្ទាប់ពីការបះបោរត្រូវបានបញ្ចប់ មនុស្សជាច្រើនបានទន្ទឹងរង់ចាំមើលជោគវាសនារបស់ Prigozhin ដោយហេតុថា ការបះបោរនេះ គឺជាការអាម៉ាស់យ៉ាងសំខាន់សម្រាប់រុស្ស៊ី ហើយច្បាស់ណាស់លោកប្រធានាធិបតី ពូទីន មិនមែនជាមនុស្សប្រភេទដែលងាយអត់ទោស និងបំភ្លេចនោះទេ ហើយហេតុការណ៍ធ្លាក់យន្តហោះនេះហើយ ជាចុងបញ្ចប់របស់ Yevgeny Prigozhin។