|

គណៈរដ្ឋមន្រ្តីថ្មីដែលជាយុវជនវ័យក្មេង នឹងត្រូវវាស់ស្ទង់ក្នុងរយៈពេល១០០ថ្ងៃដំបូង បន្ទាប់ពីការបង្កើតឡើងរាជរដ្ឋាភិបាលនីតិកាលទី៧


នេះគឺជាអ្វីដែលអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន ធ្លាប់បានលើកឡើងរួចមកហើយ កាលពីមុនពេលកិច្ចប្រជុំសភាជាតិលើកទី១ ក្នុងនីតិកាលទី៧។ សម្ដេច បានលើកឡើងថា «យើងនឹងវាស់ស្ទង់មើលលើការចេញដំណើររបស់គណៈរដ្ឋមន្រ្តីថ្មីដែលជាយុវជន វ័យក្មេងក្នុងរយៈពេល១០០ថ្ងៃដំបូង បន្ទាប់ពីការបង្កើតឡើងនូវរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ថាតើយុវជនរបស់យើងបានធ្វើសកម្មភាពអ្វីខ្លះដោះស្រាយនូវរាល់ បញ្ហាប្រឈមអ្វីខ្លះ ដែលជាបញ្ហារបស់ប្រទេសជាតិ និងអន្តរជាតិ។»

នេះជាការទទួលរ៉ាប់រងនូវអម្រែកដ៏ធ្ងន់បន្តពីថ្នាក់ដឹកនាំជំនាន់មុន ដែលទាមទារឱ្យមានការទទួលខុសត្រូវ និងរួមចំណែកធ្វើឱ្យប្រទេសជាតិមានការជឿនលឿនទៅមុខ។ ជាពិសេស ការងារប្រាស្រ័យជាមួយប្រជាពលរដ្ឋ ដោះស្រាយការងារជូនប្រជាពលរដ្ឋដែលជួបការលំបាក ពិសេសចុះជួបកម្មករកម្មការិនីតាមរោង ចក្រសហគ្រាស តាមអ្វីដែលសម្តេចផ្ទាល់បានសន្យាជាមួយកម្មករ កម្មការិនី នៅមុនពេលបោះឆ្នោតកន្លងទៅ។ 

យ៉ាងណាមិញ នៅក្នុងសន្និសីទសារព័ត៌មាននាពេលថ្មីៗនេះ សម្ដេចបានបញ្ជាក់ថា សម្ដេចបានបង្ហាញការជឿជាក់យ៉ាងមុតមាំចំពោះសមាសភាពគណៈរដ្ឋមន្ត្រីនីតិកាលទី៧ ថា«គណៈរដ្ឋមន្ត្រីថ្មីមានលទ្ធភាពធ្វើកិច្ចការដែលនៅសេសសល់ វាមិនមែនគ្រាន់តែជាការដោះស្រាយ បញ្ហាទៅមុខប៉ុណ្ណោះទេ តែអម្រែកកិច្ចការពីអ្នកជំនាន់ចាស់ វាពិតជាធ្ងន់ណាស់សម្រាប់អ្នកបន្តវេន ដែលពួកគេនឹងបន្តរែកពន់កិច្ចការដែលយើងធ្លាប់រែកពន់នោះ»។

ថ្វីដ្បិតថា មានមតិអវិជ្ជមានមួយចំនួនរិះគន់សមាសភាពគណៈរដ្ឋមន្ត្រីថ្មី ថាការដាក់សែស្រឡាយសាច់ញាតិបែបនេះ វានឹង ធ្វើឱ្យបញ្ហាអភិបាលកិច្ចអស់ប្រសិទ្ធ និងបង្កើតបក្ខពួកនិយម។ ប៉ុន្តែទន្ទឹមនឹងនេះ ក៏មានការសាទរជាមួយសមាសភាពគណៈរដ្ឋមន្ត្រីថ្មីក្រោមការដឹកនាំរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ថាជាក្បាលម៉ាស៊ីនដ៏សំខាន់ ដែលសុទ្ធសឹងជាបញ្ញវ័ន្ត បានទទួលបានអប់រំ បណ្ដុះបណ្ដាលយ៉ាងជ្រៅជ្រះ ពោរពេញដោយសមត្ថភាព ចំណេះដឹងខ្ពស់ស្របទៅនឹងតម្រូវការនៃកិច្ចអភិវឌ្ឍសង្គម ហើយការរៀបចំយុវជនបន្តវេន ក៏ជាយុទ្ធសាស្ត្រ ឬគោលនយោបាយរបស់គណបក្សនីមួយៗ ក្នុងរបបប្រជាធិបតេយ្យសេរីពហុបក្សផងដែរ។