តុលាការកំពូលកូរ៉េខាងត្បូង សម្រេចឱ្យលោកស្រី Park Geun-hye ជាប់ពន្ធនាគារ ២០ឆ្នាំ
តុលាការកំពូលប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១៤ ខែមករាកន្លងទៅ សម្រចរក្សាទុកបទចោទលោកស្រី Park Geun-hye អតីតប្រធានាធិបតី ឱ្យជាប់ពន្ធនាគារ ២០ឆ្នាំ ជុំវិញរឿងអាស្រូវពុករលួយដ៏ធំសម្បើមមួយដែលនាំឱ្យលោកស្រីបាត់បង់តំណែង។
សេចក្ដីប្រកាសសាលក្រមរបស់តុលាការកំពូល នៅថ្ងៃព្រហស្បតិ៍ អនុម័តតម្កល់ ការបន្ធូរបន្ថយទោសរបស់លោកស្រី Park Geun-hye ដែលបានកាត់ក្ដីកាលពីខែកក្កដាដោយតុលាការថ្នាក់ក្រោម បន្ទាប់ពីលោកស្រី ដំបូងបំផុត ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ៣០ឆ្នាំ។ ជាមួយគ្នានេះ តុលាការក៏បានរក្សាទុកការពិន័យជាទឹកប្រាក់ ១៧ លានដុល្លារ លើបទចោទរបស់លោកស្រី អតីតប្រធានាធិបតីផងដែរ។
កាលពីឆ្នាំ២០១៨កន្លងទៅ តុលាការបានចោទប្រកាន់ លោកស្រី Park ពីបទរំលោភអំណាច និងការបង្ខំក្រុមហ៊ុនធំៗដូចជា Samsung និង Lotte ជាដើម ឱ្យបរិច្ចាគប្រាក់រាប់លានដុល្លារទៅកាន់មូលនិធិគ្រប់គ្រងដោយលោកស្រី Choi Soon-sil ត្រូវជាមិត្តភក្ដិជិតស្និទ្ធរបស់លោកស្រី Park ។
បន្ថែមពីនេះលោកស្រី Park ក៏ត្រូវបានគេរកឃើញថា មានកំហុសក្នុងការធ្វើឱ្យបែកធ្លាយឯកសារសម្ងាត់របស់រដ្ឋាភិបាល ទៅកាន់មិត្តភក្ដិជិតស្និទ្ធរបស់លោកស្រី។
ប៉ុន្តែយ៉ាងណាក៏ដោយ អតីតមេដឹកនាំរូបនេះ តែងបដិសេធនូវរាល់កំហុស និងពហិការមិនចូលរួមសវនាការណាទាំងអស់។
គួរបញ្ជាក់ថា ក្នុងប្រទសកូរ៉េខាងត្បូង ប្រធានក្រុមហ៊ុនធំៗ ឬមេដឹកនាំជាន់ខ្ពស់ ជារឿយៗ ត្រូវបានចោទប្រកាន់ជុំវិញរឿងអាស្រូវផ្សេងៗ ក្រោយពេលពួកគេអស់តំណែង។ ដោយឡែក សម្រាប់លោកស្រី Park Geun-hye វិញ គឺជាមេដឹកនាំដំបូងបំផុតរបស់ប្រទេសកូរ៉េខាងត្បូង ដែលត្រូវបង្ខំឱ្យចុះចេញពីតំណែង និងប្រឈមមុខនឹងការជាប់ពន្ធនាគារច្រើនឆ្នាំ៕
រូបភាព៖ BCC
ប្រភព៖ BCC
ដោយ៖ Mann Huyleang
កែសម្រួលដោយ៖ ង៉ាយ ណៃ