| |

ប្រវត្តិសាស្ត្រថ្មីត្រូវបានបង្កើតឡើងក្នុងពិភពបាល់ទាត់ ដោយអេស្ប៉ាញក្លាយជាម្ចាស់ជើងឯកបាល់ទាត់នារីពិភពលោកដំបូងគេ


កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ ក្រុមបាល់ទាត់នារីស្បាញបានឈានដល់ចំណុចកំពូល ដោយបានយកឈ្នះក្រុមអង់គ្លេសក្នុងលទ្ធផល ១-០ ក្នុងការប្រកួតបាល់ទាត់ពិភពលោកនារីជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

គ្រាប់បាល់ស៊ុតបញ្ចូលទីដ៏អស្ចារ្យរបស់កីឡាការនី Olga Carmona នៅនាទីទី២៩ បាននាំមកនូវជ័យជម្នះទាំងមូលជូនក្រុម។ អេស្បាញថែមទាំងអាចមានលទ្ធភាពខកខានបាល់ប៉េណាល់ទីនៅតង់ទី២ថែមទៀតផង។ ខណៈដែលកីឡាការនី របស់អេស្ប៉ាញបានអបអរជាមួយលទ្ធផលដ៏រីករាយនៅលើទីលាន Stadium Australia កីឡាការនីអង់គ្លេសជាច្រើនបានស្រក់ទឹកភ្នែក ដោយសារក្តីសង្ឃឹមនៃការក្លាយជាជើងឯកបាល់ទាត់ពិភពលោកជាន់ខ្ពស់ដំបូងរបស់ប្រទេសចាប់តាំងពីឆ្នាំ១៩៦៦ ត្រូវបានបញ្ចប់ក្រោមជ័យជម្នះរបស់ប្រទេសអេស្ប៉ាញ។

អ្វីដែលគួរកត់សម្គាល់ ការប្រកួតបាល់ទាត់ពិភពលោកនារី (FIFA Women’s World Cup) នេះ ជាចលនានៃការស្នើសុំឱ្យមានការយកចិត្តទុកដាក់ស្មើៗគ្នា និងបង្កើតលក្ខខណ្ឌសម្រាប់ក្រុមនារី ដែលលេងក្នុងការប្រកួតដ៏មានកិត្យានុភាពបំផុតរបស់កីឡាបាល់ទាត់។ នៅមុនពេលឈានមកដល់ការប្រកួតដណ្ដើមជើងឯកនេះ សហជីពកីឡាករបាល់ទាត់អាជីពពិភពលោក (FIFAPro) និយាយថាខ្លួនបានផ្ញើលិខិតដែលចុះហត្ថលេខាដោយកីឡាករជម្រើសជាតិនារីចំនួន ១៥០ នាក់ទៅកាន់ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA ដើម្បីទាមទារប្រាក់រង្វាន់ពាន FIFA World Cup ស្មើគ្នាដូចបុរស។

យ៉ាងណាមិញ ការប្រកួត World Cup នេះទទួលបានប្រាក់ចំណូល ៥៧០លានដុល្លារ ហើយដែលបានបំបែកកំណត់ត្រា មិនបានខាតបង់ប្រាក់ តែមានតែចំណេញ និងជាតម្លៃខ្ពស់ទីពីរក្នុងវិស័យកីឡាថែមទៀត បន្ទាប់ពីការប្រកួតបាល់ទាត់បុរសលំដាប់ថ្នាក់ពិភពលោក។ នេះបើយោងតាមប្រសាសន៍របស់លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA)។

គួរបញ្ជាក់ថា ការប្រកួតព្រឹត្តិការណ៍បាល់ទាត់ពិភពលោកស្ត្រីលើកទី៩ គឺជាការប្រកួតដែលល្អបំផុត អស្ចារ្យបំផុត និងធំបំផុត ដោយការប្រកួតត្រូវបាន FIFA សម្រេចបង្កើនក្រុមប្រកួតពីចំនួន ២៤ ឡើងដល់ ៣២ក្រុម ព្រមទាំងប្រាក់រង្វាន់ថែមទៀតផង៕

ប្រភព: REUTERS, THE GUARDIAN