សម្ដេចក្រឡាហោម ស ខេង៖ «ខាងលើក៏ស្មោះត្រង់ជាមួយខាងក្រោម ខាងក្រោមក៏ស្មោះត្រង់ជាមួយខាងលើ មិនត្រូវភូតកុហក ហើយក៏មិនត្រូវមានល្បិចកលជាមួយគ្នាទេ»


នេះជាអនុសាសន៍របស់ សម្ដេចក្រឡាហោមលើកឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី និងចម្រើនព្រះបរិត្ត អគារទីស្ដីការថ្មី នៃក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។

នាឱកាសនេះ សម្ដេចក្រឡាហោមក៏បានណែនាំឱ្យថ្នាក់ដឹកនាំអង្គភាពនីមួយៗ ត្រូវធានាថាមន្រ្តីរបស់ខ្លួនមកបំពេញការងារបានត្រឹមត្រូវ មានសមត្ថភាពបំពេញការងារ ដោយមិនមែនត្រឹមតែផ្ញើប្រអប់ ឬមានតែឈ្មោះតែមិនមកធ្វើការនោះទេ។ សម្ដេចក៏បានណែនាំឱ្យយកចិត្តទុកដាក់លើប្រព័ន្ធការពារសុវត្ថិភាព កាត់បន្ថយការប្រើប្រាស់ភ្លើងមិនចាំបាច់ និងត្រូវរួមគ្នាថែរក្សាអានាម័យ និងសោភ័ណ្ឌភាពទាំងខាងក្នុង និងខាងក្រៅអគារ។

សម្ដេចក្រឡាហោម ក៏ថ្លែងគូសបញ្ជាក់ជាថ្មីទៀតថាសម្រាប់នីតិកាលថ្មីឆាប់ៗខាងមុខនេះ សម្ដេចមិនបានបន្តធ្វើការងារនៅអគារថ្មីក្រសួងមហាផ្ទៃ និងក្នុងរាជរដ្ឋាភិបាលនោះទេ ប៉ុន្តែសម្ដេចគាំទ្ររាជរដ្ឋាភិបាលថ្មីពេញទំហឹង ដើម្បីឱ្យរាជរដ្ឋាភិបាលថ្មីអាចជំនះបាននូវបញ្ហាទាំងឡាយដែលបាននិងកំពុងកើត និងកើតនាពេលខាងមុខ ដើម្បីនាំកម្ពុជារក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍតទៅមុខ។

សម្ដេចក៏បានផ្ដល់អនុសាសន៍ផ្ដាំផ្ញើថាការកសាងស្ថាប័ន ការកែទម្រង់រដ្ឋបាលសាធារណៈ ការរៀបចំឱ្យបានល្អនូវតួនាទី ភារកិច្ច របៀបរបបធ្វើការងារ ការសាមគ្គីឯកភាពរវាងមន្រ្តីថ្នាក់លើ មន្រ្តីថ្នាក់ក្រោម មន្រ្តីថ្នាក់ស្មើជាមួយគ្នាដោយប្រកាន់យកគោលការណ៍ស្មោះត្រង់ជាមួយគ្នាគឺជាគោលការណ៍សំខាន់ត្រូវបន្តអនុវត្ត ដើម្បីរួមគ្នាសម្រេចបានសមិទ្ធផជូនជាតិ និងប្រជាជន។

សម្ដេចបន្ថែមថា«ខាងលើក៏ស្មោះត្រង់ជាមួយខាងក្រោម ខាងក្រោមក៏ស្មោះត្រង់ជាមួយខាងលើ មិនត្រូវភូតកុហុក ហើយក៏មិនត្រូវមានល្បិចកលជាមួយគ្នាទេ។ យើងធ្វើការដើម្បីជាតិ ដើម្បីប្រជាពលរដ្ឋ មិនមែនដើម្បីយើងទេ។ អាចយើងទទួលផលមួយផ្នែកណានោះ ប៉ុន្តែយើងត្រូវតម្កល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ ដែលជាបញ្ហាមូលដ្ឋានទាំងអស់គ្នាត្រូវប្រកាន់យក»។ សម្ដេចក៏បានណែនាំកុំឱ្យមានភាពចង្អៀតចង្អល់ ត្រូវខំបញ្ចេញស្នាដៃ បង្ហាញថាខ្លួនពិតជាមានសមត្ថភាព ពិតជាមានឧត្តមគតិស្មោះត្រង់ចំពោះជាតិ និងប្រជាជន។ សម្ដេចបញ្ជាក់ទៀតថាដើម្បីជោគជ័យក្នុងការងារ ធំបំផុតគឺភាពស្មោះត្រង់ និងធ្វើការប្រកបដោយវិជ្ជាជីវៈ ហើយអ្នកដឹកនាំ ក៏មិនត្រូវមើលបំណាំកូនចៅនោដែរ ប៉ុន្តែត្រូវតែប្រាប់ ណែនាំ តម្រង់ទិស។

សម្ដេចបន្តថា«រឿងអ្វីក៏ដោយ យើងក៏មិនចេះទាំងអស់ទេ តែយើងក៏មិនល្ងង់ទាំងអស់ដែរ យើងត្រូវតាំងខ្លួនអ៊ីចឹង។ កាលណាយើងតាំងថាខ្លួនយើងចេះ វាប្រៀបបានយកអ្វីមកគ្របសង្កត់ជាប់ វាអត់មានអ្វីចូលថ្មីទេ ព្រោះចេះហើយដឹងហើយ! តែបើតាំងខ្លួនថាល្ងង់ បានន័យថាយើងទទួលស្គាល់ថាយើងមិនទាន់ចេះអស់ទេ អ៊ីចឹងយើងបើកគ្របដើម្បីអ្វីថ្មីចូលមក យើងដឹង។ តែបើតាំងថាល្ងង់ ហើយមិនយកចិត្តទុកដាក់វាក៏ជាបញ្ហា»។

គួរកត់សម្គាល់ថាសម្ដេចក្រឡាហោម ស ខេង បានកាន់មុខតំណែងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំនួសសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ដែលចេញទៅកាន់មុខតំណែងជាប្រធានសភាប្រជាជននាអំឡុងឆ្នាំ១៩៨០។ នៅការបោះឆ្នោតនីតិកាលទី១ ឆ្នាំ១៩៩៣ សម្ដេចបានឈរឈ្មោះជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង រហូតដល់នីតិកាលទី៧នេះ។ សម្ដេចបានកាន់មុខតំណែងសហរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅនីតិកាលទី១ និងធ្វើជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃចាប់ពីនីតិកាលទី២ដល់នីតិកាលទី៦៕