ឧក្រិដ្ឋកម្មនៅទីសាធារណៈ និងសារគំរាមកំហែងមនុស្សឃាតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់កូរ៉េខាងត្បូង កំពុងរីករាលដាលយ៉ាងឆាប់រហ័ស
កំណើននៃការបង្ហោះតាមអ៊ីនធឺណែតដែលគំរាមកំហែងដល់ការសម្លាប់ និងការវាយប្រហារកំពុងបង្កើនក្តីបារម្ភដល់អាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋទូទៅនៅប្រទេសកូរ៉េខាងត្បូង។ ទីភ្នាក់ងារប៉ូលិសជាតិបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ខ្លួនកំពុងតាមដានមនុស្សចំនួន៥៩នាក់ ពាក់ព័ន្ធទៅនឹងការបង្ហោះការគំរាមកំហែងមនុស្សឃាតនៅលើអ៊ីនធឺណិត និងបានចាប់ខ្លួនជនសង្ស័យចំនួន ៣នាក់ បន្ទាប់ពីរកឃើញការបង្ហោះគំរាមកំហែងចំនួន១៨៧ ករណី។
ប៉ូលីសបានរាយការណ៍បន្ថែមទៀតថា ក្នុងចំណោមមនុស្ស៥៩ នាក់ មាន៣៤ នាក់ជាក្មេងជំទង់ រួមទាំងអនីតិជនដែលនៅក្មេងពេក ដែលប្រឈមមុខនឹងការចោទប្រកាន់ច្បាប់ព្រហ្មទណ្ឌ។ សកម្មភាពនៃការបង្ហោះការគំរាមកំហែងតាមអ៊ីនធឺណិតកំពុងរីករាលដាលយ៉ាងឆាប់រហ័ស បន្ទាប់ពីវាយប្រហារនៅទីសាធារណៈនាពេលថ្មីៗនេះ។
ជាក់ស្ដែង កាលពីថ្ងៃព្រហស្បតិ៍បុរសម្នាក់បានដើរចូលទៅផ្សារទំនើបមួយកន្លែងក្នុងទីក្រុង Seongnam ខេត្ត Gyeonggi ហើយយកកាំបិទចាក់មនុស្សម្នាក់ស្លាប់ និង១៣នាក់រងរបួស។ ដោយឡែកកាលពីថ្ងៃសៅរ៍តុលាការស្រុក Suwon បានចេញដីកាចាប់ខ្លួនជនសង្ស័យអាយុ២២ឆ្នាំពីបទប៉ុនប៉ងមនុស្សឃាត ដោយកាលពីថ្ងៃទី២១ ខែកក្កដា បុរសម្នាក់នេះបានធ្វើសកម្មភាពចាក់សម្លាប់បុរសម្នាក់ឱ្យស្លាប់ និងបីនាក់ផ្សេងទៀតរងរបួសនៅក្បែរស្ថានីយ Sillim ក្នុងទីក្រុងសេអ៊ូល។ ជនរងគ្រោះទាំងអស់សុទ្ធតែជាជនបរទេសដែលមិនធ្លាប់ស្គាល់គ្នាជាមួយជនសង្ស័យពីមុនមក។
វាជារឿងដ៏គួរឱ្យតក់ស្លុតជាខ្លាំងដែលឃើញឧក្រិដ្ឋកម្មដ៏ឃោរឃៅបែបនេះបានកើតឡើងនៅក្នុងប្រទេសដែលត្រូវបានគេស្គាល់ថាមានកម្រិតខ្ពស់នៃសុវត្ថិភាពសាធារណៈ។ វាកាន់តែគួរឱ្យព្រួយបារម្ភ នៅពេលដែលជនល្មើសបានកំណត់គោលដៅចំពោះជនស្លូតត្រង់ និងមិនដែលស្គាល់គ្នាពីមុនមក នៅកន្លែងដែលមានមនុស្សច្រើន ហើយបានបង្កភាពភ្ញាក់ផ្អេីលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ។
ប៉ូលីសបានធ្វើការស៊ើបអង្កេតយ៉ាងហ្មត់ចត់ ដើម្បីកំណត់ពីមូលហេតុជាក់លាក់នៃឧក្រិដ្ឋកម្មដ៏រន្ធត់ទាំងនេះ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃកូរ៉េខាងត្បូង ក៏បានលើកឡើងថា ការប្រើប្រាស់កម្លាំងរបស់ប៉ូលិសនៅពេលចាប់ខ្លួនឧក្រិដ្ឋជនហិង្សា គួរតែត្រូវបានចាត់ទុកថាជាការការពារខ្លួន ហើយបានអំពាវនាវឱ្យព្រះរាជអាជ្ញាអនុវត្តវិធានការពារខ្លួនចំពោះករណីបែបនេះ។ ជាមួយគ្នានេះ រដ្ឋាភិបាលក៏គួរបង្កើតវិធានការត្រឹមត្រូវដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មដែលមិនញញើតចំពោះជនចម្លែកខណៈចាត់វិធានការដើម្បីពង្រឹងសុវត្ថិភាពសាធារណៈទាំងមូលផងដែរ។
ប្រភព: ASIA NEWS NETWORK