ត្រឹមតែរយៈពេលតែ៣ថ្ងៃ កម្លាំងជំនាញបានរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណជាង២ពាន់គ្រាប់ ក្នុងបរិវេណវិទ្យាល័យខេត្តក្រចេះ
មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(CMAC) បានឱ្យដឹងថា ត្រឹមតែរយៈពេលតែ៣ថ្ងៃគិតចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៣ នៅក្នុងបរិវេណវិទ្យាល័យព្រះមហាក្សត្រយានី កុសមៈ ខេត្តក្រចេះ កម្លាំងជំនាញបោសសម្អាតគ្រាប់សំណល់សង្គ្រាមនៃកងឯកភាពកំចាត់មីនទី៥ ទទួលទិសខេត្តក្រចេះ ដែលដឹកនាំដោយលោកអនុសេនីយ៍ឯកប៉ិន រដ្ឋា ជាប្រធានក្រុម បានបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាសំណល់សង្គ្រាម បានចំនួន២.១១៦គ្រាប់ ក្នុងនោះមានប្រភេទគ្រាប់M79 ចំនួន២.០៣៣គ្រាប់ គ្រាប់DK75 ចំនួន៦៣គ្រាប់ FuzeM48 ចំនួន១៨គ្រាប់ និងគ្រាប់B40, គ្រាប់H107 ចំនួន១គ្រាប់។
យោងតាមការវាយតម្លៃស្ថានភាពបញ្ហាគ្រាប់ក្នុងបរិវេណសាលាវិទ្យាល័យ អាចមានចំនួនច្រើនទៀត ដែលទាមទារការបិទសាលារៀនជាបណ្តោះអាសន្ន ដើម្បីអនុញ្ញាតិផ្តល់លទ្ធភាពឱ្យកម្លាំងស៊ីម៉ាក់អាចបោសសម្អាតធានាសុវត្តិភាពជូនក្មួយៗសិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូក៏ដូចប្រជាពលរដ្ឋក្នុងតំបន់នេះ។