ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងជួបប្រជុំស្តីពីការរំលោភសិទ្ធិនៅក្នុងប្រទេសកូរ៉េខាងជើងតាមការស្នើសុំរបស់អាមេរិក
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងជួបជាសាធារណៈដើម្បីពិភាក្សាអំពីការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើងនៅសប្តាហ៍ក្រោយ ដែលជាចំណាត់ការស្នើសុំដោយសហរដ្ឋអាមេរិក អាល់បានី និងជប៉ុន ដែលទំនងជាធ្វើឱ្យទីក្រុងព្យុងយ៉ាងខឹងសម្បារ និងប្រឈមមុខនឹងការប្រឆាំងពីប្រទេសចិន និងរុស្ស៊ី។
វានឹងក្លាយជាការជួបប្រជុំជាសាធារណៈលើកដំបូងរបស់ក្រុមប្រឹក្សាដែលមានសមាជិកទាំង១៥ លើបញ្ហាចាស់នេះចាប់តាំងពីឆ្នាំ២០១៧មក។
កូរ៉េខាងជើង បានច្រានចោលការចោទប្រកាន់ពីការបំពានលើមនុស្សធម៌ធ្ងន់ធ្ងរ។ ចាប់តាំងពីឆ្នាំ ២០០៦ ប្រទេសនេះស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើកម្មវិធីមីស៊ីល និងកម្មវិធីនុយក្លេអ៊ែរ ប៉ុន្តែមានការលើកលែងជំនួយ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ Linda Thomas-Greenfield បានថ្លែងពីសេចក្តីថ្លែងការណ៍រួមរបស់សហរដ្ឋអាមេរិក អាល់បានី ជប៉ុន និងកូរ៉េខាងត្បូងថា ការរំលោភសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកូរ៉េខាងជើង គឺក្នុងចេតនា ធ្វើឱ្យរីកចម្រើននៃអាវុធប្រល័យលោកខុសច្បាប់ និងកម្មវិធីមីសុីលបាញ់ផ្លោង។
គួរបញ្ជាក់ថា ក្រុមប្រឹក្សានេះនឹងជួបប្រជុំគ្នានៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ។ យ៉ាងណាមិញ ចិន និង រុស្ស៊ីបានជំទាស់នឹងបញ្ហាដែលនឹងត្រូវលើកឡើងនេះ។ ប្រទេសទាំងពីរយល់ថា បញ្ហាសិទ្ធិគួរតែត្រូវបានបង្ខាំងនៅក្នុងស្ថាប័នផ្សេងទៀតដូចជាក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ឬមហាសន្និបាត។ ជាមួយគ្នានេះ ចិន និងរុស្ស៊ីទំនងជានឹងរៀបចំការបោះឆ្នោតតាមនីតិវិធីនៅសប្តាហ៍ក្រោយខណៈដែលពួកគេបានដឹងក្នុងចិត្តច្បាស់ថា ពួកគេនឹងទទួលបានសំឡេងគាំទ្រតិចបំផុតក្នុងសម្រាប់កិច្ចប្រជុំនេះ៕