|

ជំនួបដ៏មានន័យរវាងនាយករដ្ឋមន្ត្រីចាំផ្ទះ ជាមួយសមាជិករាជរដ្ឋាភិបាលចាស់ និងសមាជិករាជរដ្ឋាភិបាលអាណត្តិថ្មី


ដូចទៅនឹងការគ្រោងទុក នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក-សមាជិកាគណៈអចិន្ត្រៃយ៍ របស់គណបក្សប្រជាជនកម្ពុជា ជាមួយនឹងសមាសភាពរាជរដ្ឋាភិបាល នីតិកាលទី ៦ ដែលនឹងត្រូវបញ្ចប់ឆាប់ៗនេះ និងសមាសភាពរាជរដ្ឋាភិបាល នីតិកាលទី ៧ ដែលនឹងចូលកាន់តំណែងនាពេលឆាប់ៗខាងមុខ។

ជំនួបនេះត្រូវបានធ្វើឡើងនៅទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជាក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះលើការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលក្នុងនោះបក្សប្រជាជនកម្ពុជាទទួលបាន ១២០អាសនៈក្នុងសភា។ ក្រោយជ័យជម្នះដ៏ត្រចះត្រចង់នេះ ឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបានប្រធានបក្សប្រជាជនបានឧទ្ទេសនាមជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសកម្ពុជា និងត្រូវបានព្រះមហាក្សត្រចេញព្រះរាជ្រក្រឹត្យត្រាស់បង្គាប់ចាត់តាំង ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងបង្កើតគណៈរដ្ឋមន្ត្រីថ្មីមួយដើម្បីសុំការទុកចិត្តពីសភាជាតិនៅថ្ងៃទី២១ ខែសីហា ខាងមុខ ហើយថ្ងៃទី២២ គណៈរដ្ឋមន្ត្រីនឹងចូលធ្វើការក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧ ជាផ្លូវការ៕