វេទិកាជំរុញការយល់ដឹងផ្នែកហិរញ្ញវត្ថុសម្រាប់សង្គមកម្ពុជា កម្មវិធីតស៊ូមតិ តស់! សន្សំ បានរកឃើញក្រុមជ័យលាភីឆ្នើមក្នុងវគ្គផ្ដាច់ព្រ័ត្រហើយ
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia និងវិទ្យុស្ត្រីនៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បានសហការរៀបចំឡើងនូវកម្មវិធីតស៊ូមតិ តស់! សន្សំ វគ្គផ្ដាច់ព្រ័ត្រដែលធ្វើ ឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា។
ជ័យលាភីលេខ១ បានទៅលើក្រុម The HOPE ដែលមក ពីសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ និងសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជ័យលាភីលេខ ២ បានទៅលើក្រុម 3.14 ដែលមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្នភ្នំពេញ និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ជ័យលាភីលេខ ៣ បានទៅលើក្រុមយុថ្កា ដែលមកពីសាកលវិទ្យាល័យបញ្ញា សាស្ត្រកម្ពុជា សាកលវិទ្យាល័យមេគង្គកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ជ័យលាភីលេខ៤ បានទៅលើក្រុម Shine ដែលមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច វិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងជ័យលាភីវោហារស័ព្ទឆ្នើមបានទៅលើបេក្ខជន ហោ វិចិត្រ មកពី សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ។
លោក ជីម គង់ហ៊ុយ អគ្គនាយកនៃក្រុមហ៊ុន FWD Cambodia មានប្រសាសន៍ថា៖ « ខ្ញុំពិតជាមានមោទនភាពជាខ្លាំង នៅពេលដែលឃើញភាពក្លាហានរបស់ យុវជន និងយុវនារីទាំងអស់ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងកម្មវិធីប្រកួតប្រជែងតស៊ូមតិ តស់! សន្សំនេះ។ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់របស់អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា និងក្រុមហ៊ុន FWD Cambodia ព្រមទាំងដៃគូសហការទាំងអស់សម្រាប់ការសហការគាំទ្រដើម្បីឱ្យកម្មវិធីនេះប្រព្រឹត្តទៅបានយ៉ាងរលូនចាប់តាំងពីដំបូងមក។ »
ជាមួយគ្នានេះ លោកស្រីបណ្ឌិត អ៊ុង ចន្ទ័ថុល នាយិកាប្រតិបត្តិអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា បានលើកឡើងថា៖ « កម្មវិធីនេះ ជាការជំរុញបន្ថែមយ៉ាងសំខាន់ពីការយល់ដឹងផ្នែកហិរញ្ញវត្ថុសម្រាប់សង្គមកម្ពុជា ដែលខ្ញុំជឿជាក់ថាប្អូនៗ ក្មួយៗដែលបានចូលរួម នឹងបន្តចែករំលែកទៅកាន់ក្រុមគ្រួសារ មិត្តភក្តិ និងយុវជនជាច្រើនទៀតនៅថ្ងៃអនាគត។ »
នាឱកាសនោះ ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានវាយតម្លៃខ្ពស់លើកម្មវិធី តស៊ូមតិ តស់! សន្សំ និងបានលើកទឹកចិត្តឱ្យមានកម្មវិធីជជែកពិភាក្សាពីការសន្សំ និងការរៀបចំផែនការហិរញ្ញវត្ថុដូចជាកម្មវិធី តស់! សន្សំនេះឱ្យបានកាន់តែច្រើនឡើងសម្រាប់យុវជន ដោយឯកឧត្តមបានមានប្រសាសន៍ថា «យុវជននឹងត្រូវការចំណេះដឹងទាំងអស់នេះ ក្នុងដំណើរជីវិតដ៏វែង ឆ្ងាយទៀតទៅថ្ងៃមុខ។ »
គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតប្រជែងតស៊ូមតិ តស់! សន្សំ ចាប់ផ្ដើមឡើងក្រោមកិច្ចសហការពីវិទ្យុស្ត្រីនៃ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា និងក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិត FWD Cambodia ដោយទទួលបានការចុះឈ្មោះចូលរួមពីសិស្ស-និស្សិត១៤៨ នាក់ ដែលត្រូវនឹង៣៧ ក្រុម មកពីសាលាចំនួន២៧ ក្នុងប្រទេសកម្ពុជា។ កម្មវីធីនេះបានទទួលការចុះឈ្មោះនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ចាប់ផ្ដើមវគ្គសិក្ខាសាលាបើកការប្រកួតប្រជែងនៅថ្ងៃទី៨ ខែកក្កដា ហើយក្រុមទាំងអស់ឆ្លងកាត់វគ្គជម្រុះទី១ នៅថ្ងៃទី១៥ ខែកក្កដា (យក៨ក្រុម) វគ្គជម្រុះទី២នៅថ្ងៃទី២៩ ខែកក្កដា (យក៤ក្រុម ) និងវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី៥ ខែសីហា ដើម្បីស្វែងរកម្ចាស់ជ័យលាភី។