បេក្ខភាពប្រធានាធិបតី នៃប្រទេសអេក្វាឌ័រ ត្រូវបានគេបាញ់សម្លាប់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត


លោក Fernando Villavicencio សមាជិកនៃសភាជាតិ និងជាបេក្ខភាពប្រធានាធិបតី នៃប្រទេសអេក្វាឌ័រត្រូវបានគេបាញ់សម្លាប់ ខណៈដែលគាត់បានចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នៅទីក្រុងQuito។

សាក្សីនៅកន្លែងកើតហេតុបាននិយាយថា ខណៈពេលលោក Villavicencio កំពុងចូលទៅក្នុងឡាន ពេលនោះខ្មាន់កាំភ្លើងបានឆ្ពោះមករកគាត់ ហើយបាញ់គាត់ចំក្បាលចំនួនបីគ្រាប់ បណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ដោយឡែកជនសង្ស័យ ក៏ត្រូវបានកងការពារបាញ់តបត ស្លាប់នៅនឹងកន្លែងដូចគ្នា។

នៅមុនពេលកើតហេតុបេក្ខភាពនាយករដ្ឋមន្ត្រីរូបនេះ បានទទួលការគំរាមសម្លាប់ជាច្រើនរួចមកហើយ។ គាត់បានរាយការណ៍ទៅអាជ្ញាធរដែលឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ផងដែរ។

ជុំវិញហេតុការណ៍ដ៏រន្ធត់នេះ លោក Lasso ដែលជាប្រធាធិបតីបច្ចុប្បន្ន បាននិយាយថា លោកមានការខឹងសម្បារ និងតក់ស្លុតជាខ្លាំងចំពោះឧក្រិដ្ឋកម្មបាញ់សម្លាប់នេះ។

គួរបញ្ជាក់ថា ការបោះឆ្នោតប្រធានាធិបតីអេក្វាឌ័រគ្រោងធ្វើឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ។ ការធ្វើឃាតនេះកើតឡើងនៅពេលដែលប្រទេសអេក្វាឌ័រកំពុងប្រឈមជាមួយនឹងវិបត្តិសន្តិសុខកាន់តែយ៉ាប់យ៉ឺន ដែលអាចឃើញតាមរយៈការកើនឡើងយ៉ាងធ្ងន់ធ្ងរនៃអំពើហឹង្សា និងឧក្រិដ្ឋកម្មដែលបណ្តាលមកពីការជួញដូរគ្រឿងញៀន និងការចែកចាយថ្នាំខុសច្បាប់៕

ប្រភព: BBC
រូបភាព: CNN