ប្រើTelegram យូរដែរហើយ! ធ្វើម៉េចឱ្យគណនី Telegram របស់យើងមានសុវត្ថិភាព?
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសឱ្យអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនង Telegram បង្កើនការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីគណនី Telegram ជាច្រើនត្រូវបានក្រុមអនាមិក (hacker) ចូលលួចយកទិន្នន័យសម្ងាត់ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
មានគន្លឹះមួយចំនួន ដែលអ្នកប្រើប្រាស់ Telegram គួរយល់ដឹង ដើម្បីការពារគណនីរបស់ខ្លួនឱ្យមានសុវត្ថិភាព។
១. ប្រើប្រាស់មុខងារ Two-Step VerificationTwo-Step Verification អាចជួយឱ្យគណនីរបស់អ្នកមានសុវត្ថិភាពជាងមុន ពិព្រោះរាល់ពេលដែលអ្នកចូលក្នុងគណនី (sign in) សារជាថ្មី ឬទៅលើឧបករណ៍ថ្មី Telegram នឹងផ្ញើលេខកូដសម្ងាត់ទៅទូរស័ព្ទ ឬប្រអប់សារ Telegramផ្ទាល់ ដើម្បីវាយចូលលើឧបករណ៍នោះ។ ដើម្បីដំឡើង Two-Step Verification អ្នកប្រើប្រាស់គ្រាន់តែចូលទៅកាន់ Setting បន្ទាប់មកចុចលើ Privacy and Security រួចដំឡើង Two-Step Verification ដោយបំពេញលេខសម្ងាត់ជាការស្រេច។
២. ឧស្សាហ៍ឆែកមើល Active SessionsActive Sessions មានមុខងារបង្ហាញថា គណនីរបស់អ្នកកំពុងបើក និងធ្លាប់បើកនៅលើឧបករណ៍ណាខ្លះ។ វាអនុញ្ញាតឱ្យអ្នកប្រើប្រាស់តាមដាននូវភាពមិនប្រក្រតីណាមួយ ដែលអាចកើតមានឡើងនៅលើគណនីរបស់ខ្លួន។ អ្នកប្រើប្រាស់អាចចូលទៅកាន់ Setting រួចចុចលើ Active Sessions ដើម្បីពិនិត្យមើលគណនី។
៣. កុំចុចលើ Link ផ្ដេសផ្ដាស ការចុចលើ Link ផ្ដេសផ្ដាសអាចនឹងនាំឱ្យអ្នកប្រើប្រាស់ប្រឈមនឹងបញ្ហាជាច្រើន ហើយក៏អាចធ្វើឲ្យបាត់បង់គណនីផងដែរ។ អ្នកប្រើប្រាស់គួរតែប្រុងប្រយ័ត្នជានិច្ច ពេលឃើញ link ណាដែលមិនមានប្រភពច្បាស់លាស់៕
ប្រភព៖ TAdviser
រូបភាព៖ istock
និពន្ធដោយ៖ យុវជនស្ម័គ្រចិត្តប្រេនបូឌា Nicseybon Samoeun
កែសម្រួលដោយ៖ ង៉ាយ ណៃ