| |

យុវជនខ្មែរម្នាក់ បានជិះកង់លក្ខណៈផ្សងព្រេងចម្ងាយជិត៨ពាន់គីឡូម៉ែត្រ ទៅដល់ប្រទេសសិង្ហបុរីដោយជោគជ័យ ក្នុងបេសកកម្មជួយកុមារកម្ពុជា


មកទល់ពេលនេះ លោក ទីវ តារារិទ្ធ បានជិះកង់ចេញពីផ្ទះរយៈពេល២ខែមកហើយ ដោយបានឆ្លងកាត់ប្រទេសមួយចំនួនក្នុងតំបន់ភូមិភាគអាស៊ីអាគ្នេយ៍ដូចជា វៀតណាម ឡាវ ថៃ ម៉ាឡេស៊ី និងសិង្ហបុរី ក្នុងបេសកកម្មដើម្បីរៃអង្គាសប្រាក់ជួយកុមារកម្ពុជាដែលមានជំងឺមហារីក និងជំងឺផ្សេងៗនៅមន្ទីរពេទ្យកុមារអង្គរនៅខេត្តសៀមរាប។

តាមរយៈ កម្មវិធីជិះកង់សប្បុរសធម៌ «Southeast-Asia Bike Touring for Charity» យុវជនរូបនេះ សម្រេចបានចម្ងាយផ្លូវជិត ៨ពាន់គីឡូម៉ែត្រមកហើយ ដោយថ្មីៗនេះលោកបានធ្វើដំណើរទៅដល់ប្រទេសសិង្ហបុរីដោយជោគជ័យ និងត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅ។

លោក ទីវ តារារិទ្ធិ បានចាប់ផ្ដើមបេសកកម្មរបស់ខ្លួនដោយជិះកង់ចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ដើម្បីឆ្លងកាត់ប្រទេសអាស៊ានមួយចំនួន ដែលមានរយៈចម្ងាយសរុបជាង៩ពាន់គីឡូម៉ែត្រ ហើយទិសដៅបញ្ចប់គឺនៅក្នុងខេត្ដសៀមរាប ដែលជាទីតាំងនៃមន្ទីរពេទ្យកុមារអង្គរឈរជើងព្យាបាលកុមារកម្ពុជា។

គួរបញ្ជាក់ថា លោក ទីវ តារារិទ្ធិ គឺជាអ្នកដែលមានចំណង់ចំណូលចិត្តក្នុងការជិះកង់ និងមានបទពិសោធន៍ធ្វើដំណើរផ្សងព្រេងទៅតាមតំបន់ដាច់ស្រយាលជាច្រើនក្នុងប្រទេសកម្ពុជា។ ដោយឡែកបេសកកម្មនេះ គឺជាអ្វីដែលលោកចង់ធ្វើដើម្បីតំណាងឱ្យយុវជនខ្មែរមួយរូបដែលអាចធ្វើជាប្រយោជន៍ និងលើកស្ទួយមុខមាត់ជាតិ។