សំណង់ទាំងឡាយដែលសាងសង់លើដីចំណីព្រែកកំពង់បាយ ត្រូវបានណែនាំឱ្យរុះរើចេញជាបន្ទាន់ បើពុំនោះទេរដ្ឋបាលខេត្តកំពតនឹងប្រើធម៌ក្ដៅដោយអនុវត្តតាមនីតិវិធីច្បាប់
រដ្ឋបាលក្រុងកំពត បានជូនដំណឹងដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ដែលមាន សំណង់ របង កញ្ចុះ និងសំណង់ផ្សេងទៀត ដែលបានសង់ចូលលើដីចំណីព្រែកកំពង់បាយត្រើយខាងលិច ដែលមានទីតាំងចាប់ពីចំណុចខាងត្បូងស្ពានដែកផ្លូវរថភ្លើង រហូតដល់ចំណុចគល់ស្ពានត្រើយកោះ ស្ថិតនៅភូមិទ្វីខាងជើង និងទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត រុះរើចេញពីដីចំណីព្រែកនេះដោយខ្លួនឯងក្នុងរយៈពេល១៥ថ្ងៃ គិតចាប់ថ្ងៃទី០១ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ។
ការជូនដំណឹងនេះ គឺដើម្បីរដ្ឋបាលខេត្តចាប់ផ្តើមអនុវត្តគម្រោងកែលម្អសោភ័ណភាពទីក្រុង ដោយស្ថាបនាផ្លូវ និងរៀបច្រាំងព្រែកកំពង់បាយត្រើយខាងលិចចាប់ពីស្ពានដែកផ្លូវរថភ្លើងរហូតដល់គល់ស្ពានត្រើយកោះ។
រដ្ឋបាលក្រុងកំពតក៏បានបញ្ជាក់ផងដែរថា ក្នុងករណីម្ចាស់សំណង់ របង កញ្ចុះ និងសំណង់ផ្សេងទៀតណាមួយមិនបានអនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលក្រុងនឹងអនុវត្តតាមនីតិវិធីច្បាប់ ព្រមទាំងធ្វើការចុះរុះរើដោយមិនទទួលខុសត្រូវលើការខូចខាតទ្រព្យសម្បត្តិរបស់ម្ចាស់រូបនោះឡើយ។ រីឯចំណាយផ្សេងៗ លើការរុះរើជាបន្ទុករបស់ម្ចាស់សំណង់ របង កញ្ចុះ និងសំណង់ផ្សេងទៀត៕