រដូវកាលថ្មី ក្ដីរំពឹងថ្មី៖ Kenta Yamazaki យល់ព្រមបន្តកុងត្រាមួយឆ្នាំទៀត ជាមួយបឹងកេត
ក្លិបបឹងកេត កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១កន្លងទៅ បានប្រកាសនៅគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា កីឡាករសញ្ជាតិជប៉ុន Kenta Yamazaki បានយល់ព្រមបន្តកុងត្រាថ្មីមួយជាមួយក្លិបជើងឯកចាស់ បឹងកេតមួយរដូវកាលទៀត ក្រោយពីបានចូលរួមជាមួយក្លិបនេះ កាលពីខែកក្កដា ឆ្នាំ២០១៩។
កីឡាករសញ្ជាតិជប៉ុនរូបនេះបាននិយាយថា៖ «វាគឺជាដំណើរផ្សងព្រេងដ៏អស្ចារ្យជាមួយបឹងកេត ខ្ញុំសង្ឃឹមថា យើងនឹងអាចឈ្នះពានសារជាថ្មីម្ដងទៀត ជាពិសេសធ្វើយ៉ាងណា ដើម្បីឱ្យទទួលបានលទ្ធផលល្អបំផុតក្នុងការប្រកួត AFC Cup ឆ្នាំនេះ។»
Kenta បន្តទៀតថា ការសហការគ្នា ស្មារតីជាក្រុម គឺជាភាពខ្លាំងរបស់ក្រុមបឹងកេត។ កីឡាករម្នាក់ៗ មានឆន្ទៈខ្ពស់នៅក្នុងការប្រកួត បើទោះជាពេលខ្លះ យើងត្រូវជួបក្រុមខ្លាំងរួមលីគ ដូចជា វិសាខា ក៏ដោយ។
ខ្សែបម្រើស្លាបស្ដាំរូបនេះ បានបង្ហាញការយល់ឃើញថា សព្វថ្ងៃមានកីឡាករជប៉ុនច្រើនកំពុងប្រកបអាជីពក្នុងប្រទេសកម្ពុជា។ វាគឺជារឿងល្អមួយសម្រាប់កីឡាករខ្មែរ ក្នុងការដកស្រង់បច្ចេកទេសក៏ដូចជាសិក្សាពីចិត្តសាស្រ្តលើទីលាន ពិសេសរបៀបធ្វើការជាក្រុមរបស់កីឡាករជប៉ុន។
សេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធបាល់ទាត់កម្ពុជា នៅថ្ងៃទី៨ ខែមករា ម្សិលមិញ បាននិយាយថា លីគបាល់ទាត់កម្ពុជា រដូវកាល ២០២១ នឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី ៦ ខែមីនាខាងមុខនេះ ខណៈការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន នឹងចាប់ផ្ដើមនៅថ្ងៃទី ១៦ ខែកុម្ភៈ៕
រូបភាព៖ ក្លិបបាល់ទាត់ បឹងកេត
និពន្ធដោយ៖ យុវជនស្ម័គ្រចិត្តប្រេនបូឌា Mann Huyleang
កែសម្រួលដោយ៖ Ngay Nai