|

មកដឹងពីមូលហេតុដែលបណ្ដាលឱ្យមានការបាក់ស្រុតផ្លូវជាតិលេខ ៧៦.A ប្រវែងជាង១០ម៉ែត្រ និងត្រូវទឹកហូរកាត់ផ្តាច់ទាំងស្រុង


រដ្ឋបាលខេត្តមណ្ឌលគិរី បានចេញដំណឹងដល់ប្រជាពលរដ្ឋដែលធ្វើដំណើរ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារ ផ្លូវជាតិលេខ៧៦ ចន្លោះគីឡូម៉ែត្រលេខ៩១ ដល់គីឡូម៉ែត្រលេខ៩៩ មានទឹកហូរច្រោះ ដោយសារមានភ្លៀងធ្លាក់ជាច្រើនបណ្ដាលអោយប្រេះ និងអាចស្រុតបណ្ដាលអោយមានគ្រោះថ្នាក់ជាយថាហេតុ។ នេះបើតាមការបញ្ជាក់របស់លោក រស់ គីមធន ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ចូនខេត្តមណ្ឌលគិរី។

ដូចនេះរដ្ឋបាលខេត្តមណ្ឌលគិរី បានប្រកាសផ្អាកជាបណ្ដោះអាសន្នការធ្វើចរាចរយានយន្តគ្រប់ប្រភេទនៅលើផ្លូវជាតិលេខ៧៦ ចន្លោះគីឡូម៉ែត្រលេខ៩១ ដល់គីឡូម៉ែត្រលេខ៩៩ ចន្លោះពីស្រុកអូររាំង ទៅស្រុកកែវសីមា (ចំណុចអូរងើយ) ដែលផ្លូវត្រូវបានកាត់ផ្តាច់ និងខូចទាំងស្រុង មិនអាចធ្វើដំណើរបានសម្រាប់មធ្យោបាយយានយន្តគ្រប់ប្រភេទ ដោយសារជំនន់ទឹកភ្លៀងបានកាត់ផ្តាច់ផ្លូវ។

ការផ្អាកការធ្វើចរាចរជាបណ្តោះអាសន្ន នេះ គិតចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ រហូតដល់មានការជូនដំណឹងស្តីពីការបើកឱ្យធ្វើចរាចរឡើងវិញ។ ប្រសិនបើ មានបំណងចង់ធ្វើដំណើរទៅរាជធានីភ្នំពេញ និងធ្វើដំណើរទៅកាន់ខេត្តមណ្ឌលគិរី ត្រូវធ្វើដំណើរតាមផ្លូវវាងដោយឆ្លងកាត់តាមខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។

គួរបញ្ជាក់ថា ហេតុការណ៍ខាងលើបានកើតឡើងនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៩យប់ នៅក្នុងស្រុកអូរអាំង ខេត្តមណ្ឌលគីរី។