អបអរសាទរចំពោះកំណត់ត្រាវិទ្យាសាស្ត្រដំបូងបង្អស់នៃសំបុកសត្វក្រាលនៅតំបន់ព្រៃលិចទឹកទន្លេមេគង្គក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ
សត្វក្រៀលជាប្រភេទបក្សីដែលមានទំងន់ធ្ងន់ និងខ្ពស់ជាងគេហើយអាចហើរបានក្នុងរយៈចម្ងាយឆ្ងាយ ដែលបច្ចុប្បន្ន កំពុងតែទទួលរងការគម្រាមកំហែងឈានទៅជិតផុតពូជអាស្រ័យដោយចំនួនប្រជាសាស្រ្តមានការថយចុះ។ តាមទិន្នន័យជំរឿនចំនួនកត់ត្រាបានខ្ពស់បំផុតនៅកម្ពុជានិងវៀតណាមមាន៨៧៨ក្បាលក្នុង២០០២ ធ្លាក់មកដល់១៥៦ក្បាលក្នុងឆ្នាំ២០២២។
ថ្មីៗនេះ យោងតាមក្រសួងបរិស្ថានបានឱ្យដឹងថាក្រសួងបរិស្ថាន បានសហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា (NLC), អង្គការសមាគមនអភិរក្សសត្វព្រៃ (WCS), អង្គការមូលនិធិសត្វក្រៀល (ICF) បានធ្វើជំរឿនសត្វក្រៀលនៅប្រទេសកម្ពុជាឆ្នាំ២០២៣នៅតាមទីតាំងសំខាន់ៗក្នុងប្រទេសកម្ពុជានិងវៀតណាមដូចជាតំបន់ដីសណ្តរទន្លេមេគង្គ តំបន់ជំវិញបឹងទន្លេសាប និងតំបន់ព្រៃរបោះខ្ពង់រាបភាគខាងជើងនិងឥសាន្ត។ កាលបរិច្ឆេទនៃការធ្វើជំរឿងសត្វក្រៀលនៅប្រទេសកម្ពុជាគឺធ្វើឡើងនៅខែធ្នូ មករា កុម្ភៈ មីនា មេសា និងខែឧសភា។ លទ្ធផលជំរឿនចុងក្រោយនេះកត់ត្រាបានក្រៀលចំនួនខ្ពស់បំផុតក្នុងខែកុម្ភៈ គឺ១៨០ក្បាល ដែលតួលេខថ្មីនេះបង្ហាញសញ្ញាវិជ្ជមានបើប្រៀបធៀបទៅនិងលទ្ធផលឆ្នាំ២០២២ដែលរាប់បានតែ១៥៦ក្បាល និងឆ្នាំ២០២១រាប់បានតែ១៦១ក្បាល ក្នុងនោះសត្វក្រៀល២ក្បាលបានកត់ត្រាបានក្នុងប្រទេសវៀតណាមក្នុងកំឡុងពេលជំរឿននេះ។
សំបុករបស់សត្វក្រៀលដែលជាសត្វកំពុងរងការគំរាមកំហែងជាសាកលមួយសំបុករួមទាំងសត្វក្រៀលពេញវ័យមួយគូ ត្រូវបាន់រគេប្រទះឃើញរស់នៅក្នុងទីជម្រកវាលទំនាបនៃតំបន់ទន្លេមេគង្គ ក្នុងដែនជម្រកសត្វព្រៃសំបូរ ខេត្តក្រចេះ។ នេះជារបកគំហើញថ្មីបំផុតផ្អែកតាមសេចក្តីរាយការណ៍ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នេះ ពីក្រុមអ្នកវិទ្យាសាស្ត្ររបស់មន្ទីរបរិស្ថានខេត្តក្រចេះនៃក្រសួងបរិស្ថាន និងអង្គការ WWF កម្ពុជា។ កាលពីម្សិលមិញ ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់អំពីវត្តមានរបស់សត្វក្រៀលមួយសំបុកនេះនៅក្នុងតំបន់នៃដែនជម្រក បន្ទាប់ពីពួកគេបានទទួលព័ត៌មានអំពីវត្តមានសត្វនេះពីប្រជាជនសហគមន៍ហើយបានចុះពិនិត្យ និងបានកត់ត្រាដល់ទីតាំងក្នុងតំបន់ទីជម្រកនោះ។
នេះគឺជាកំណត់ត្រាវិទ្យាសាស្ត្រដំបូងបង្អស់នៃសំបុកសត្វក្រៀលរួមជាមួយនឹងសត្វពេញវ័យបន្តពូជមួយគូផងដែរនៅក្នុងតំបន់ព្រៃលិចទឹកទន្លេមេគង្គសម្រាប់រយៈពេល២០ឆ្នាំកន្លងមកនេះ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា« វាជាដំណឹងដ៏រីករាយដែលលទ្ធផលជំរឿនឆ្នាំ២០២៣បង្ហាញពីសញ្ញាវិជ្ជមានព្រោះថាទិន្នន័យជំរឿនសត្វក្រៀលក្នុងរយៈពេល១០ឆ្នាំចុងក្រោយបានបង្ហាញនិន្នាការថយចុះរហូត។
ក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួម ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ ដែលលទ្ធផលពេលនេះបានបង្ហាញពីប្រសិទ្ធភាពនៃការអនុវត្តផែនការសកម្មភាពនានារបស់ក្រសួងបរិស្ថាន និងអង្គការដៃគូ និងបង្ហាញពីភាពប្រសើរឡើងនៃការអភិរក្សធនធានធម្មជាតិនៅកម្ពុជា ការយល់ដឹងរបស់ប្រជាពលរដ្ឋ ការផ្លាស់ប្តូរឥរិយាបថសាធារណជនចំពោះសត្វព្រៃ។
របកគំហើញថ្មីនាពេលនេះនាំមកនូវក្តីសង្ឃឹមសម្រាប់ការអភិរក្សសត្វស្លាបទាំងក្នុងតំបន់ការពារ និងជម្រកធម្មជាតិផ្សេងទៀតនៅទូទាំងប្រទេសកម្ពុជា។ សូមបញ្ជាក់ផងដែរនៅឆ្នាំ២០២១ ប្រទេសកម្ពុជាបានកត់ត្រាចំនួនសត្វក្រៀលសរុប ចំនួន ១៥៦ ក្បាល ក្នុងក្របខ័ណ្ឌនៃជំរឿនសត្វនេះតាមបណ្តាតំបន់ទីជម្រកសំខាន់ៗនៅទូទាំងប្រទេស។
ប្រភព: Ministry of environment