|

សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានបង្ហាញក្ដីសប្បាយរីករាយដែលបានឃើញប្រជាពលរដ្ឋចេញមកបោះឆ្នោត ជ្រើសរើសតំណាងរបស់ខ្លួនដោយសេរី តាមឆន្ទៈរបស់ខ្លួន និងគ្មានអំពើហិង្សា


នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅការិយាល័យបោះឆ្នោតក្នុងវិទ្យាល័យសម្តេច ហេង សំរិន អន្លង់ជ្រៃ ស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលជាស្រុកកំណើតផ្ទាល់របស់សម្តេច។

ក្នុងឱកាសនេះ សម្តេចប្រធានរដ្ឋសភាបានបង្ហាញក្តីសប្បាយរីករាយនៅពេលឃើញប្រជាពលរដ្ឋចេញមកបោះឆ្នោត ជ្រើសរើសតំណាងរបស់ខ្លួនដោយសេរី តាមឆន្ទៈរបស់ខ្លួន និងគ្មានអំពើហិង្សា។ នេះបាមបង្ហាញពីសមត្ថភាពរបស់កម្ពុជា ក្នុងការរៀបចំការបោះឆ្នោតបានដោយខ្លួនឯង ប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត គឺជាដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ដែលតែងតែរៀបចំឡើងក្នុងរយៈពេល៥ឆ្នាំម្តង ក្នុងការផ្តល់ឱកាសជូនប្រជាពលរដ្ឋជ្រើសរើសតំណាងរបស់ខ្លួននិងថ្នាក់ដឹកនាំប្រទេស។ក្នុងនោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នេះ មានគណបក្សនយោបាយចំនួន១៨ បានចូលរួមប្រកួតប្រជែងដោយមានប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រមាណ៩,៧លាននាក់។ ការបោះឆ្នោតចាប់ផ្តើមពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៣រសៀល៕

ប្រភព: Samdech Heng Samrin