|

ចំណាត់ថ្នាក់សាកលវិទ្យាល័យដែលល្អបំផុតក្នុងចំណោមសាកលវិទ្យាល័យជិត១៥០០ នៅទូទាំងពិភពលោកប្រចាំឆ្នាំ២០២៤


QS World University Rankings ត្រូវបង្កើតឡើងដោយ TopUniversities.com សម្រាប់ការវាស់ស្ទង់ចំណាត់ថ្នាក់អន្តរជាតិកំពូលមួយទៅលើប្រជាប្រិយភាព និងដំណើរការរបស់សាកលវិទ្យាល័យទូទាំងពិភពលោក។ ចំណាត់ថ្នាក់ QS ត្រូវបានចេញផ្សាយជារៀងរាល់ឆ្នាំ និងផ្តល់នូវបញ្ជីសាកលវិទ្យាល័យដោយផ្អែកលើការស្ទង់មតិលើភាពចម្រុះ និងផ្អែកទៅលើលក្ខណៈវិនិច្ឆ័យផ្សេងៗគ្នា។ សម្រាប់ឆ្នាំនេះ QS World University Rankings បានអនុវត្តការនូវវិធីសាស្រ្តថ្មីដ៏ធំបំផុតដែលមិនធ្លាប់មាន ដោយបានកំណត់ការវាយតម្លៃទៅលើមាត្រដ្ឋានចំនួនបីគឺ៖ និរន្តរភាព លទ្ធផលការងារក្រោយបញ្ចប់ការសិក្សា និងបណ្តាញស្រាវជ្រាវអន្តរជាតិ។

ថ្មីៗនេះ QS World University Rankings បានបង្ហាញលទ្ធផលចំណាត់ថ្នាក់សាកលវិទ្យាល័យល្អបំផុត លំដាប់ពិភពលោកប្រចាំឆ្នាំ២០២៤ ក្នុងចំណោម ១៥០០សាកលវិទ្យាល័យ ដែលចំណាត់ថ្នាក់កំពូលទាំង៥បានទៅលើ ៖
១ សាកលវិទ្យាល័យ Massachusetts Institute of Techology របស់សហរដ្ឋអាមេរិក
២ សាកលវិទ្យាល័យ University of Cambridge របស់ចក្រភពអង់គ្លេស
៣ សាកលវិទ្យាល័យ University of Oxford របស់ចក្រភពអង់គ្លេស
៤ សាកលវិទ្យាល័យHarvard University របស់សហរដ្ឋអាមេរិក
៥ សាកលវិទ្យាល័យ Stanford University របស់សហរដ្ឋអាមេរិក

ដោយឡែក ខាងក្រោមនេះ ជាសាកលវិទ្យាល័យទាំង៥ ដែលនៅចំណាត់ថ្នាក់ចុងក្រោយគេ៖
១៤៩៣ សាកលវិទ្យាល័យ Uiversity of Oradea របស់ប្រទេសរ៉ូមេនី
១៤៩៤ សាកលវិទ្យាល័យ University of Stavanger របស់ប្រទេសណ័វេរ
១៤៩៥ សាកលវិទ្យាល័យ University of Paris 13 របស់ប្រទេសបារាំង
១៤៩៦ សាកលវិទ្យាល័យ Western Washington University របស់សហរដ្ឋអាមេរិក
១៩៩៧ សាកលវិទ្យាល័យZurich University of Applied Science របស់ប្រទេសស្វីស។

នេះជាការវាយតម្លៃលើកទី២០ នៃចំណាត់ថ្នាក់សាកលវិទ្យាល័យ QS World University Rankings ដែលមានសាកលវិទ្យាល័យចំនួន ១៥០០ នៅទូទាំង ១០៤ ទីតាំង ហើយជាចំណាត់ថ្នាក់នៃសាកលវិទ្យាល័យនីមួយៗ បានបញ្ជាក់ពីការងារ និងនិរន្តរភាពនៃសាកលវិទ្យាល័យនោះ។ លទ្ធផលនេះ បានផ្អែកលើឯកសារសិក្សា ១៧.៥លានឯកសារ និងមតិអ្នកជំនាញនៃមហាវិទ្យាល័យសិក្សា និងនិយោជកជាង២៤០,០០០រូបមកពីជុំវិញពិភពលោក។

គួរបញ្ជាក់ថា សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ម៉ាឡេស៊ីនាំមុខដោយសាកលវិទ្យាល័យចំនួន២៨ ក្នុងតារាង World University Rankings តាមពីក្រោយដោយឥណ្ឌូណេស៊ីមាន ២៦ ថៃ ១៣ វៀតណាម ៥ ហ្វីលីពីន ៥ សិង្ហបុរី ៤ និងប្រ៊ុយណេ ២។ ទោះបីជាមានគ្រឹះស្ថានឧត្តមសិក្សាចំនួន ៤ នៅក្នុងបញ្ជីក៏ដោយ ក៏សិង្ហបុរីនៅតែបង្ហាញពីជំហរឈានមុខគេនៅក្នុងតំបន់ជាមួយនឹងសាកលវិទ្យាល័យ National University of Singapore(NUS) ដែលបានជាប់ក្នុងចំណោមចំណាត់ថ្នាក់កំពូលទាំង១០។

ប្រភព VN Express, Top university.com