នៅអាណត្តិក្រោយ រាជរដ្ឋាភិបាលនឹងមានការដាក់មន្ត្រីជំនាញកសិកម្មតាមឃុំ នៅក្បែរបងប្អូនប្រជាណលរដ្ឋ ដើម្បីចូលរួមជួយលើបច្ចេកទេសកសិកម្ម និងដោះស្រាយបញ្ហាប្រឈមផ្សេងៗទាក់ទងនឹងកសិកម្ម
នៅក្នុងពិធីសម្ពោធឃ្លាំងស្តុកស្រូវចំណីចំណុះ ១០០តោន និងបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូប្រវែង ៩.៧៧៤ម៉ែត្រ នៅក្នុងសហគមន៍កសិកម្មតំបែររុងរឿង ស្ថិតនៅភូមិត្រពាំងឫស្សី ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ឯកឧត្តម ឌិត ទីណា បានថ្លែងឱ្យដឹងថា នៅអាណត្តិក្រោយ រាជរដ្ឋាភិបាលនឹងមានការដាក់មន្ត្រីជំនាញកសិកម្មតាមឃុំ នៅក្បែរបងប្អូនប្រជាណលរដ្ឋ ដើម្បីចូលរួមជួយលើបច្ចេកទេសកសិកម្ម និងដោះស្រាយបញ្ហាប្រឈមផ្សេងៗទាក់ទងនឹងកសិកម្មឱ្យបានទាន់ពេលវេលា ឱ្យមានការចំណាយតិច ចំណេញច្រើន មានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច។
ក្នុងពិធីសម្ពោធនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីសក្ខីភាពជាក់ស្តែងដែលរដ្ឋាភិបាលបាននិងកំពុងគិតគូរដល់បងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់សន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសមិទ្ធផលទាំងនេះ នឹងជួយឱ្យបងប្អូនមានលទ្ធភាព មានប្រាក់ចំណេញមាននិរន្តរភាពសេដ្ឋកិច្ច និងជីវភាពល្អប្រសើរ។
ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ចំពោះឃ្លាំងស្តុកស្រូវមានលទ្ធភាពស្តុកស្រូវដល់ ១០០តោន ដែលត្រូវបានសម្ពោធនាឱកាសនេះ អាចឱ្យកម្ពុជាលក់ស្រូវស្ងួត ដែលទទួលបានតម្លៃខ្ពស់ជាងស្រូវសើម។ រីឯផ្លូវជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនយើងឱ្យកាន់តែមានភាពងាយស្រួល និងជួយដល់ការដឹកជញ្ជូនកសិផលកសិកម្មឱ្យកាន់តែងតែរហ័ស ជាពិសេសជួយបង្កើនតម្លៃកសិផល។ បន្ថែមលើនេះទៀត រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ យកចិត្តទុកដាក់ឱ្យមានប្រឡាយទឹកសម្រាប់ធ្វើស្រែបានទាំងអស់គ្នា ព្រមទាំងការជំរុញការប្រើប្រាស់ពូជស្រូវសុទ្ធដែលមានផលិតភាពខ្ពស់ មានទីផ្សារ មានទំនុកចិត្តពីអ្នកទិញ និងមានតម្លៃស្រូវខ្ពស់៕
ប្រភព: ក្រសួងកសិកម្ម