សូមត្រៀមលក្ខណៈទាំងអស់គ្នា! WHO បានព្រមានថា ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ពិភពលោកនឹងប្រឈមនឹងបញ្ហាអាកាសធាតុធ្ងន់ធ្ងរ រួមទាំងគ្រោះរាំងស្ងួត ទឹកជំនន់ ខ្យល់ព្យុះ និងរលកកំដៅយ៉ាងខ្លាំង
អ្នកជំនាញសុខភាពសាធារណៈបានសម្តែងការព្រួយបារម្ភរបស់ពួកគេចំពោះផលប៉ះពាល់សុខភាពដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់ពិភពលោក។
អ្នកជំនាញខាងឧតុនិយមរបស់អង្គការសហប្រជាជាតិកាលពីពេលថ្មីៗនេះបានប្រកាសថា បាតុភូតអាកាសធាតុ El Niño ដែលជាការកើនឡើងនៃសីតុណ្ហភាពផ្ទៃទឹកនៅមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត និងកណ្តាល បាននិងកំពុងដំណើរការហើយ គួបផ្សំនឹងការឡើងកំដៅផែនដី វាកំពុងជំរុញឱ្យមានសីតុណ្ហភាពខ្ពស់បំផុត។ ជាក់ស្ដែង កាលពីថ្ងៃចន្ទ ពិភពលោកបានកត់ត្រាថ្ងៃក្តៅបំផុតរបស់ខ្លួនក្នុងប្រវត្តិសាស្ត្រ។
អង្គការសុខភាពពិភពលោកបានផ្តល់ព័ត៌មានថ្មីៗអំពីរបៀបដែលលក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរនឹងប៉ះពាល់ដល់ការថែទាំសុខភាពសាធារណៈ។ លោកវេជ្ជបណ្ឌិត Tedros Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បាននិយាយថា “ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ពិភពលោកនឹងប្រឈមនឹងបញ្ហាអាកាសធាតុធ្ងន់ធ្ងរ រួមទាំងគ្រោះរាំងស្ងួត ទឹកជំនន់ ខ្យល់ព្យុះ និងរលកកំដៅ ដែលទាំងអស់នេះធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពមនុស្ស។
លោក Ghebreyesus បានសង្កត់ធ្ងន់ថា គ្រោះរាំងស្ងួតដែលអូសបន្លាយពេលយូរនៅក្នុងតំបន់ Horn នៃទ្វីបអាហ្រ្វិក បានបង្កឱ្យមានរលកនៃភាពអត់ឃ្លាន ការធ្វើចំណាកស្រុក និងជំងឺរួចហើយ ហើយកំពុងធ្វើឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេវាសុខភាព។
ដោយឡែកនៅឆ្នាំនេះ ប្រជាជាតិជិត៦០ លាននាក់ ជួបប្រទះភាពអសន្តិសុខនៅទូទាំងតំបន់ Horn នៃទ្វីបអាហ្រ្វិក ដែលរួមមានប្រទេសចំនួនប្រាំពីរ រួមមាន Djibouti, Ethiopia, Kenya, Somalia, South Sudan, Sudan និង Uganda។
ប្រភព: EWN