|

សហគមន៍ខ្មែរឥស្លាមខេត្តត្បូងឃ្មុំ មានគោលបំណងកែប្រែសហគមន៍ខ្លួនទៅជាសហគមន៍ទេសចរមូស្លីម


កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម កាទើមហាំម៉ាត់ណោសស្រ៊ី អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចូលរួម ជាអធិបតីក្នុងពិធី ដាំកូនដើមឈើ ចំនួន ៥០០០ដើម ក្រោមប្រធានបទ “យើងរួមគ្នាបង្កើតភូមិបៃតង” ដែលស្ថិតក្នុងនៅភូមិខ្ពប២ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ កម្មវិធី នេះក៏មានការចូលរួមពីលោក សយ ទូច អភិបាលនៃគណៈអភិបាលស្រុកក្រូចឆ្មារ និងលោកអឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំផងដែរ ។

គោលបំណងសំខាន់នៃកម្មវិធីនេះ គឺប្រជាសហគមន៍ ភូមិខ្ពប២ ចង់ដាំដើមឈើ ដើម្បី រៀបចំ សោភ័ណភាព សហគមន៍របស់ពួកគាត់ ឱ្យប្រែក្លាយជាសហគមន៍បៃតងគំរូ និងជាពិសេស ឱ្យទៅជា សហគមន៍ទេសចរណ៍មូស្លីម (Muslim Community Tourism) ដែលជា គោលដៅទេសចរណ៍ មួយ ជាពិសេសទេសចរមូស្លីម ។ ខេត្តត្បូងឃ្មុំ ជាខេត្តដែលមានសក្តានុពលទេសចរណ៍ជាច្រើន ក្នុងនោះផលិតផលទេសចរណ៍នៅតាមសហគមន៍ខ្មែរឥស្លាមក៏ចាត់ទុក និងអាចរៀបចំ ដើម្បីបម្រើដល់វិស័យទេសចរណ៍ ជាពិសេសទេសចរណ៍មូស្លីម ដោយសារមានផលិតផលជាច្រើនទាំងនោះមានប្រវត្តិ និងអាយុកាលយូរឆ្នាំមកម្ល៉េះ។

ឯកឧត្ដម កាទើ មហាំម៉ាត់ណោសស្រ៊ី បានគូសបញ្ជាក់អំពីកត្តាគន្លឹះសំខាន់នៃវិស័យទេសចរណ៍ គឺសុខសន្តិភាព ស្ថេរភាពនយោបាយព្រោះបើគ្មានសន្តិភាពទេ ក៏គ្មានទេសចរ នោះដែរ។ ក្នុងឱកាសនោះ ឯកឧត្ដមបានជម្រាបជូនអំពីស្ថានភាពទេសចរណ៍ក្នុងតំបន់ និង អន្តរជាតិផងដែរ និងជាពិសេសគោលនយោបាយថ្មីៗរបស់ក្រសួងទេសចរណ៍ក្នុងការទាក់ទាញ ទេសចរណ៍មូស្លីមមកកាន់គោលដៅកម្ពុជាបន្ថែមទៀត។

ឯកឧត្ដម ក៏បានផ្តាំផ្ញើរធ្វើយ៉ាងណារៀបចំសហគមន៍ទេសចរណ៍មូស្លីមអោយមានភាពស្អាត និងបៃតង បដិសណ្ឋារកិច្ចល្អ ដើម្បីទទួលបាននូវភ្ញៀវទេសចរមកកាន់គោលដៅសហគមន៍ ខ្ពប២ ឱ្យកាន់តែច្រើន និងជំរុញអោយមានយុទ្ធនាការ ” ទេសចរម្នាក់ ដើមឈើមួយដើម”៕

ប្រភព: ក្រសួងទេសចរណ៍