|

ឆ្នាំ២០២១ ល្អបំផុតក្នុងការដោះស្រាយបញ្ហាការកើនឡើងកម្ដៅនៃភពផែនដី


ប្រទេសទាំងអស់អាចនឹងមានពេលវេលាតិចតួចណាស់ក្នុងការដោះស្រាយបញ្ហា ប្រសិនបើពិភពលោកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរពីបម្រែបម្រួលអាកាសធាតុ។ ទាំងអស់នេះគឺជាហេតុផល ៥ យ៉ាង ដែលឆ្នាំ២០២១ គឺជាពេលសំខាន់បំផុត ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងកម្ដៅនៃភពផែនដី។

១. សន្និបាតស្ដីពីអាកាសធាតុដ៏ធំប្រចាំឆ្នាំមេដឹកនាំពិភពលោក នៅខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ នឹងជួបប្រជុំគ្នាក្នុងទីក្រុង Glasgow ដើម្បីពិភាក្សាអំពីសមិទ្ធផលសម្រេចបាន ចាប់តាំងពីបង្កើតកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្នុងឆ្នាំ២០១៥ ស្ដីពីបម្រែបម្រួលអាកាសធាតុ។

កិច្ចព្រៀមព្រៀងនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះវាជាលើកដំបូងបំផុត ដែលប្រជាជាតិទាំងអស់នៅលើសកលលោក រួមសហការគ្នាជាធ្លុងមួយ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗដែលកើតមានចំពោះមុខ។

ប៉ុន្តែ បញ្ហាបានចោទឡើងនៅត្រង់ថា ប្រទេសខ្លះហាក់មិនមានឆន្ទៈគ្រប់គ្រាន់ ក្នុងការកាត់បន្ថយការសាយភាយឧស្ម័នកាបូនឌីអុកស៊ីត ឱ្យស្របតាមគោលដៅដែលកំណត់ឡើងនៅឆ្នាំ២០១៥។ កិច្ចព្រមព្រៀងទីក្រុងប៉ារីសបាននិយាយថា៖ ពិភពលោកបានយល់ព្រមក្នុងការបញ្ចៀសផលប៉ះពាល់ធ្ងន់ធ្ងរដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ តាមរយៈការព្យាយាមកំណត់ការកើនឡើងនៃសីតុណ្ហភាពផែនដីឱ្យស្ថិតនៅក្នុងកម្រិតមួយអាចគ្រប់គ្រងបាន។

២. ប្រទេសជាច្រើនបានត្រៀមខ្លួនរួចរាល់ក្នុងការកាត់បន្ថយឧស្ម័នកាបូនឌីអុកស៊ីតនៅក្នងមហាសន្និបាតរបស់អង្គការសហប្រជាជាតិកាលពីខែកញ្ញា ឆ្នាំ២០២០កន្លងទៅ លោកប្រធានាធិបតីចិន Xi Jinping បានប្រកាសថា៖ ប្រទេសចិនមានគោលដៅលុបបំបាត់ការប្រើប្រាស់ឧស្ម័នកាបូនឌីអុកស៊ីតទាំងស្រុងត្រឹមឆ្នាំ២០៦០។

កាត់បន្ថយការប្រើប្រាស់ឧស្ម័នកាបូនឌីអុកស៊ីត តែងត្រូវបានគេមើលឃើញថា ជារឿងលំបាកសម្រាប់ប្រទេសចិន ព្រោះសេដ្ឋកិច្ចរបស់ប្រទេសនេះពឹងផ្អែកខ្លាំងលើឧស្សាហកម្មធុនធំ ដែលជាប្រភពបញ្ចេញឧស្ម័នពុលផ្សេងៗទៅក្នុងបរិយាកាស។ យ៉ាងណាក្ដី ការកាត់បន្ថយឧស្ម័នកាបូនឌីអុកស៊ីត គឺជារឿងដ៏ចាំបាច់សម្រាប់ចិន ព្រោះប្រទេសនេះស្ថិតក្នុងចំណោមបណ្ដាប្រទេសដែលរងការបំពុលខ្លាំងបំផុតនៅក្នុងពិភពលោក ដោយបានបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតប្រមាណ ២៨% នៃចំនួនសរុបចូលទៅក្នុងបរិកាសជារៀងរាល់ឆ្នាំ។

៣. ថាមពលដែលអាចប្រើប្រាស់ឡើងវិញ មានតម្លៃទាបជាងពីមុនឆ្ងាយមានហេតុផលល្អមួយដែលប្រទេសជាច្រើនក្នុងពេលបច្ចុប្បន្ននេះលើកឡើងថា៖ ពួកគេគ្រោងនឹងកាត់បន្ថយឧស្ម័នកាបូនឌីអុកស៊ីតមកនូវត្រឹមសូន្យ។ ក្នុងនោះ ការធ្លាក់ចុះតម្លៃនៃប្រភពថាមពលដែលអាចប្រើប្រាស់ឡើងវិញបាន បានផ្លាស់ប្ដូរទាំងស្រុងលើយុទ្ធនាការកាត់បន្ថយឧស្ម័នកាបូនឌីអុកស៊ីត។

កាលពីខែតុលា ឆ្នាំ២០២០ ទីភ្នាក់ងារថាមពលអន្តរជាតិ (International Energy Agency) ចេញសេចក្ដីប្រកាសថា ថាមពលផលិតដោយប្រព័ន្ធសូឡា ឥឡូវនេះ គឺជាប្រភពផ្គត់ផ្គង់អគ្គិសនីដែលមានតម្លៃថោកបំផុតក្នុងប្រវត្តិសាស្រ្ត។

៤. កូវីដផ្លាស់ប្ដូរអ្វីគ្រប់យ៉ាង កូវីដ-១៩ បានបានអង្រួនការគិត និងរំឭកដល់អ្នករាល់គ្នាថា វាអាចទៅរួចសម្រាប់ពិភពលោកនេះ អាចមានរឿងកើតឡើងជាយថាហេតុ ដែលពុំអាចគ្រប់គ្រងបាន។ ដូច្នេះ រដ្ឋាភិបាលទាំងអស់ ត្រូវត្រៀមខ្លួនជាស្រេច ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ជាពិសេសការប្រែប្រួលអាកាសធាតុ។

សហគមន៍អ៊ឺរ៉ុប និងរដ្ឋបាលថ្មីរបស់លោក Biden សន្យាថា នឹងប្រើប្រាស់ថវិការាប់លានដុល្លារដើម្បីវិនិយោគលើគម្រោងថាមពលស្អាត។

៥. ជំនួញផ្សេងៗក៏ប្រែប្រួលមករកអាជីកម្មបែបទំនើបវិញដែរការធ្លាក់ថ្លៃនៃតម្លៃថាមពលស្អាត (Green Energy) រួមផ្សំជាមួយនឹងការកើនឡើងនៃសម្ពាធលើបញ្ហាបរិស្ថាន បានចូលរួមផ្លាស់ប្ដូរបែបបទនៃការធ្វើអាជីវកម្ម។

អ្នកវិនិយោគភាគច្រើនបានងាកមករក ការដាក់ទុនរកស៊ីជាមួយនឹងក្រុមហ៊ុនផលិតថាមពលស្អាត ជាជាងការចាយលុយរាប់ពាន់លានទៅលើអាជីវកម្មអណ្ដូងប្រេង ឬស្ថានីយផលិតថាមពលនៅក្នុងតំបន់។ ជាក់ស្ដែង ក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តដំណើរការដោយថាមពលអគ្គិសនី ជាប់ឈ្មោះជាក្រុមហ៊ុនទទួលបានការវិនិយោគច្រើនបំផុតក្នុងកាលពីឆ្នាំ ២០២០៕

ប្រភព៖ BCC

រូបភាព៖ Lucas Marcomini, Sam Bark

បកប្រែ និងនិពន្ធដោយ៖ យុវជនស្ម័គ្រចិត្តប្រេនបូឌា Ngay Nai

កែសម្រួលដោយ៖ យុវជនស្ម័គ្រចិត្តប្រេនបូឌា Sarik Seangmeng