|

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នឹងរៀបចំពិព័រណ៍រយៈពេលមួយឆ្នាំពេញបង្ហាញអំពីវត្ថុសិល្បៈចំនួន៣ប្រភេទដែលទទួលបានពីពលរដ្ឋ


យោងតាមសេចក្ដីជូនដំណឹង របស់អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នឹងរៀបចំតាំងពិព័រណ៍ បង្ហាញអំពីកុលាលភាជន៍ និងវត្ថុសិល្បៈជាច្រើនប្រភេទ ដែលប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គរ ប្រគល់ជូនសារមន្ទីរ ដើម្បីបង្ហាញជូនសាធារណជនចូលទស្សនា សិក្សាឈ្វេងយល់ រយៈពេលមួយឆ្នាំពេញ ដោយចាប់ផ្តើមពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២៤។

លោក ខួយ សាវឿត នាយកស្តីទីនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានឱ្យដឹងនៅរសៀលថ្ងៃពុធ ១១កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ថា ក្រោយពេលទទួលបានការបរិច្ចាគ ពីប្រជាពលរដ្ឋនូវវត្ថុសិល្បៈ មកថែរក្សា និងអភិរក្ស សារមន្ទីរនឹងពិព័រណ៍ ដែលចាប់ផ្តើមនាដើមខែកក្កដាខាងមុខនេះ នឹងធ្វើការបង្ហាញកុលាលភាជន៍ ចំនួន១៦ ដែលជាប្រភេទកុលាលភាជន៍រឹង មានស្រទាប់រលោងពណ៌ត្នោត និងពណ៌បៃតង ដោយកុលាលភាជន៍ទាំងនោះត្រូវគេដុតក្នុងឡ កម្ដៅចន្លោះពី ១ ០០០ទៅ ១ ២០០អង្សាសេ។ ក្រៅពីកុលាលភាជន៍ទាំង១៦មុខ ក៏នូវមានវត្ថុសិល្បៈមួយចំនួនទៀត ស្ថិតនៅសម័យបុរេប្រវត្តិសាស្ត្រ ដែលជាវត្ថុសក្ការៈសម្រាប់បញ្ចុះនៅតាមប្រាសាទ រួមទាំងវត្ថុសិល្បៈដែលទទួលបានពីវត្តអារញ្ញរង្សី ដែលប្រភេទវត្ថុសិល្បៈ មានអាយុកាលខុសៗគ្នា និងមានប្រភពផ្សេងៗគ្នា។

លោក ខួយ សាវឿត បានបញ្ជាក់ថា បើសិនជាសាធារណជន សិស្សានុសិស្ស និសិ្សត លោកគ្រូអ្នកគ្រូ និងអ្នកស្រាវជ្រាវ អាចអញ្ជើញមកសិក្សាឈ្វេងយល់ឱ្យកាន់តែច្បាស់ អំពីប្រវត្តិនៃវត្ថុសិល្បៈទាំងនោះ យើងនឹងមានមន្ត្រីជំនាញធ្វើបទបង្ហាញជូនអំពីព័ត៌មានថ្មីៗ ទាក់ទងនឹងការស្រាវ ជ្រាវ ការប្រតិបត្តិសាសនា វិស័យពាណិជ្ជកម្ម និងការចូលរួមចំណែករបស់ប្រជាជន ក្នុងការថែរក្សាវត្ថុបុរាណ និងសម្បត្តិបេតកភណ្ឌជាតិ ប្រកបដោយនិរន្តរភាព។

គួរជម្រាបជូនថា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានបើកដំណើរការជាផ្លូវការ តាំងពីឆ្នាំ២០០៨មក ដោយមានការថែរក្សា និងអភិរក្ស វត្ថុសិល្បៈពីបុរាណជាច្រើន ដែលបានមកពីការធ្វើកំណាយស្រាវជ្រាវនានា យកមករក្សាទុកនៅទីនេះ។ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ដោយបានបើកឱ្យភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេស ចូលទស្សនាចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ វេលាម៉ោង៨:៣០នាទីព្រឹក ដល់ម៉ោង៤:៣០ល្ងាច៕

ប្រភព: អាជ្ញាធរជាតិអប្សរា