|

បញ្ជាការដ្ឋានអង្គរក្ស បានបញ្ចេញកម្លាំងទ័ពចំនួន៥០០នាក់ រួមជាមួយអាវុធ២០០ដើម ទៅដល់ព្រំដែនវៀតណាមហើយ ដើម្បីបាញ់កម្ទេចយន្ដហោះគ្មានមនុស្សបើក ដែលហោះចូលមកទឹកដីនៃប្រទេសកម្ពុជា


នាព្រឹកថ្ងៃទីទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានបញ្ចេញកម្លាំងទ័ពចំនួន៥០០នាក់ រួមជាមួយអាវុធ២០០ដើម បានមកដល់តំបន់ព្រំដែនក្នុងខេត្តរតនគិរី ជាប់ព្រំដែនវៀតណាមហើយ ដើម្បីបាញ់កម្ទេចយន្ដហោះគ្មានមនុស្សបើក ដែលហោះចូលមកទឹកដីនៃប្រទេសកម្ពុជា។

បេសកកម្មនេះ ត្រូវបានធ្វើឡើងក្រោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ ឱ្យកម្លាំងយោធាកម្ពុជា បាញ់កម្ទេចដ្រូនចារកម្មគ្មានមនុស្សបើក ដែលហោះចូលដែនអាកាសកម្ពុជា នៅក្នុងខេត្តរតនគិរី។

តាមរយៈសារសំឡេងបន្ទាន់នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាទៅសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការដ្ឋានកងអង្គរក្ស ឱ្យបញ្ចេញសព្វាវុធសម្រាប់ការបាញ់យ ន្តហោះ ទៅកាន់តំបន់ដែលដ្រូនគ្មានមនុស្សបើកនេះហោះចូល។

គួរបញ្ជាក់ថា ដ្រូនជាច្រើនគ្រឿងហោះចូលទឹកដីកម្ពុជា ជាបន្តបន្ទាប់នៅក្នុងតំបន់ខេត្តរតនគិរី កម្ពុជាបានដាក់ការវាយតម្លៃថា ជាដ្រូននៃពួកបច្ចាមិត្ត ដែលបានធ្វើសកម្មភាពវាយប្រហារភេរវកម្មទៅខាងទឹកដីវៀតណាមកាលពីប្រមាណ២សប្ដាហ៍កន្លងទៅ ហើយនេះជាសញ្ញាថា ពួកបច្ចាមិត្តមួយចំនួនកំពុងបាក់ទ័ពរត់ចូលទឹកដីកម្ពុជាហើយ។