សម្តេចតេជោ ហ៊ុន សែន ដើម្បីធានាសន្តិភាព និងស្ថេរភាពនយោបាយ ការគ្រប់គ្រងនយោបាយព្រហ្មទណ្ឌជានយោបាយដែលត្រូវយកចិត្តទុកដាក់
នេះជាប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “អគារសាលាយុត្ដិធម្ម” របស់ក្រសួងយុត្តិធម៌ ដែលមានទីតាំងស្ថិតនៅ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ។
ក្នុងឱកាសនេះ សម្ដេចបានបញ្ជាក់ថា ការកែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌ គឺជាកិច្ចការអាទិភាព នៅក្នុងរបៀបវារៈ និង កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ «អភិបាលកិច្ចល្អ» និង «នីតិរដ្ឋ» សម្រាប់គ្រប់គ្រង និង ដឹកនាំរដ្ឋ ស្រប-តាមគោលការណ៍នៃរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ។
ជាមួយគ្នានេះ សម្ដេច បានផ្ដល់អនុសាសន៍បន្ថែមថា ដើម្បីលើកកម្ពស់គុណភាពនៅក្នុងការជម្រះក្ដីឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ត្រូវដោះស្រាយវិវាទឱ្យបានឆាប់ កាត់បន្ថយការកកស្ទះសំណុំរឿងនៅក្នុងតុលាការ ជួយផ្សះផ្សារការខ្វែងគំនិតគ្នារវាងគូភាគី ដើម្បីបង្កើនសាមគ្គីភាព និងភាពសុខដុរមនាឱ្យបានល្អប្រសើរ។ ទន្ទឹមនឹងនេះ ក្រសួងយុត្តិធម៌ត្រូវរៀបចំក្របខ័ណ្ឌច្បាប់ឱ្យបានឆាប់រហ័ស សម្រាប់ការគ្រប់គ្រងការសម្រុះសម្រួល
ដោះស្រាយវិវាទឱ្យបានច្បាស់លាស់ ដែលកិច្ចការដ៏មានសារៈសំខាន់នេះ ជាអាទិភាពថ្មីមួយ ក្នុងក្របខណ្ឌនៃការកែទម្រង់ការដោះស្រាយវិវាទនៅកម្ពុជា ។
សូមជម្រាបថា អគារសាលាយុត្ដិធម្មនេះ នឹងផ្ដល់លទ្ធភាពដល់សាលាជម្រះក្ដី និងអយ្យការអមសាលាជម្រះក្ដី គឺសាលាដំបូង និងសាលាឧទ្ធរណ៍ភ្នំពេញ អាចពន្លឿនចំណាត់ការលើសំណុំរឿងបានកាន់តែឆាប់រហ័ស ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីបញ្ចៀសបានការកកស្ទះសំណុំរឿង និងស្ថានភាពការពន្យារពេលយូរពេកក្នុងការផ្ដល់យុត្តិធម៌ មានន័យស្នើនឹងការបដិសេធមិនផ្ដល់យុត្តិធម៌៕