|

រដ្ឋបាលខេត្តបាត់ដំបង ចេញសេចក្ដីបំភ្លឺព័ត៌មានទាក់ទងនឹងការលុបស្ទឹងសង្កែ ដែលជាស្ទឹងប្រវត្តិសាស្ត្រមួយរបស់កម្ពុជា


នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្ដីបំភ្លឺព័ត៌មាន បន្ទាប់ពីមានចុះផ្សាយព័ត៌មានតាមបណ្ដាញសង្គមថា ស្ទឹងសង្កែដែលជាស្ទឹងប្រវត្តិសាស្ត្រមួយរបស់កម្ពុជា កំពុងត្រូវបានរំលោភបំពានដោយអ្នកមានលុយ មានអំណាចចាក់ដីរំលោភចូលស្ទឹងសង្កែ និងការសាងសង់សំណង់រឹងនៅលើដីនោះ ហើយមន្ត្រីមូលដ្ឋានហាក់មិនអើពើនឹងការរំលោភបំពានទាល់តែសោះ។

ជុំវិញករណីខាងលើនេះ រដ្ឋបាលខេត្តបាត់ដំបងបានធ្វើការស្រាយបំភ្លឺថា ក្រុមរដ្ឋបាលខេត្ត រដ្ឋបាលស្រុកសង្កែ និងមន្ទីរ អង្គភាពជំនាញបានចុះទៅត្រួតពិនិត្យដោយផ្ទាល់ជាក់ស្ដែងនៅទីតាំងការដ្ឋាន ដោយពិនិត្យឃើញថា ម្ចាស់ដីឈ្មោះ ចៅ ម៉ាដូនេត្រ នៅភូមិបោះពោធិ៍ ឃុំអុរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលបានសាងសង់អគារនៅលើដីរបស់ខ្លួន ស្របតាមប្លង់កម្មសិទ្ធិ មិនប៉ះពាល់ដីចំណីស្ទឹងសង្កែទេ និងបានចាក់បេតុងសាងសង់ច្រាំងស្ទឹងទៅតាមលំនាំច្រាំងចាស់ មិនមានការរំលោភយកស្ទឹងដូចការចោទប្រកាន់នោះទេ។ ចំពោះបច្ចេកទេសនៃការសាងសង់ គឺសង់លើកដីទប់សិន បន្ទាប់ពីសាងសង់រួចរាល់ បានកាយដីចេញវិញអស់ មិនមានការរាំងស្ទះមុខទឹក ហើយថែមទាំងបានចាក់បេតុងសាងសង់ច្រាំងស្ទឹងនៅខាងមុខសាលាឃុំអូរដំបង១ ប្រវែង១០០០ម៉ែត្រ ដើម្បីការពារការបាក់ដី ដែលកន្លងមកនៅចំណុចទីតាំងនេះ គឺចំមុខទឹកបុកខ្លាំងនៅរដូវវស្សា ធ្វើឱ្យបាក់ច្រាំងស្ទឹងជាបន្តបន្ទាប់ ស្ទើរតែធ្វើចរាចរណ៍ទៅមកលែងបាននៅលើដងផ្លូវមុខសាលាឃុំអូរដំបង១។

គួរបញ្ជាក់ថា បច្ចុប្បន្នបានធ្វើការសាងសង់ផ្លូវបេតុងប្រវែង ២០០០ម៉ែត្ររួចរាល់ ធ្វើចរាចរណ៍ទៅមកងាយស្រួល។ ដូចនេះ សកម្មភាពចាក់ដីធ្វើច្រាំងស្ទឹង មិនមានផលប៉ះពាល់ដល់លំហូរដងស្ទឹងសង្កែទេ ថែមទាំងបានការពារយ៉ាងរឹងមាំការបាក់ច្រាំងស្ទឹងសង្កែទៀតផង៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង