ប្រទេសកម្ពុជាបានបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម (ERW) លើផ្ទៃដីប្រមាណ ២,៥៧៩គីឡូម៉ែត្រក្រឡាក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ
កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងគ្រោះខ្លាំងជាងគេដោយគ្រាប់មីន និងគ្រាប់បែកចង្កោម។ ការប៉ាន់ប្រមាណថា មានគ្រាប់មីនពី ៤ លានទៅ ៦ លានគ្រាប់ និងគ្រាប់បែកផ្សេងទៀតត្រូវបានបន្សល់ទុកពីសម័យសង្គ្រាម និងជម្លោះផ្ទៃក្នុងរយៈពេល ៣ ទសវត្សរ៍។
អស់រយៈពេល ៣០ ឆ្នាំមកហើយ សហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិបានធ្វើការរួមគ្នាជាមួយប្រទេសកម្ពុជា ដើម្បីបោសសម្អាតផ្ទៃដីដែលមានមីន ឬ ERW ប្រមាណ ២,៥៧៩គីឡូម៉ែត្រការ៉េ ពីឆ្នាំ១៩៩២ ដល់ឆ្នាំ ២០២២។ ដីទាំងនេះត្រូវបានប្រគល់ជូនសហគមន៍វិញ ក្នុងគោលបំណងផលិតភាព ដូចជា កសិកម្ម ការតាំងទីលំនៅថ្មី ផ្លូវថ្នល់ សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធសង្គមផ្សេងទៀត។ នេះបើយោងតាមការបញ្ជាក់របស់លោក ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុច អនុប្រធានទី១ អាជ្ញាធរមីន។
គ្រាប់មីនដែលនៅសេសសល់ ERW និងគ្រាប់បែកចង្កោមទាំងនេះ លាក់ខ្លួននៅក្រោមផ្ទៃ ហើយបានសម្លាប់ជីវិតមនុស្ស បង្កឱ្យមានរបួស និងពិការភាព រារាំងដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ រួមទាំងបង្កការលំបាកដល់ការរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។ ប្រជាជនកម្ពុជាប្រមាណ ១លាននាក់ នៅតែរស់នៅក្នុងភាពភ័យខ្លាច និងធ្វើការនៅតំបន់ដែលមានមីន សំណល់ជាតិផ្ទុះ និងគ្រាប់បែកចង្កោម។ ដូច្នេះ កម្ពុជាបានដាក់គោលដៅក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែង និងពន្លឿនសកម្មភាពដើម្បីសម្រេចបាននូវគោលដៅនៃការគ្មានមីនឆ្នាំ ២០២៥ ដែលតម្រូវឱ្យមានឆន្ទៈនយោបាយ ការសម្របសម្រួលគោលនយោបាយ និងការប្តេជ្ញាចិត្តប្រកបដោយនិរន្តរភាពពីគ្រប់វិស័យនៃសង្គម។
សូមជម្រាបថា យោងតាមរបាយការណ៍ចុងក្រោយរបស់ CMAA បានបង្ហាញថា ចាប់ពីឆ្នាំ ១៩៧៩ ដល់ខែមេសា ឆ្នាំ២០២៣ គ្រាប់មីន ERW និងការបំផ្ទុះគ្រាប់បែកចង្កោមបានឆក់យកជីវិតមនុស្សចំនួន ១៩,៨១៩នាក់ និងរបួស ឬកាត់ផ្តាច់ជីវិតមនុស្ស ៤៥,១៩៨នាក់ផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា៕
ប្រភព៖ CGTN