|

វណ្ណដា និងក្មេងខ្មែរបញ្ចេញបទចម្រៀងថ្មី អត្ថន័យរៀបរាប់ពីគុណម្ដាយ ស្តាប់ហើយ…


តារាចម្រៀង Rap លំដាប់ជួរមុខវណ្ណដា និងក្រុមក្មេងខ្មែរបានរួមសហការគ្នាផលិតនូវបទចម្រៀងថ្មីដែលមានអត្ថន័យអប់រំខ្លាំងឆ្លុះបញ្ចាំងពីគុណអ្នកម្ដាយ។

វណ្ណដាបានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួនដែលមានចំណងជើងថា ”អ្នកម្ដាយ’’ នៅក្នុងអាល់ប៊ុម SKULL កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ កាលកន្លងទៅ។

បទចម្រៀងនេះបានបង្ហាញ និងរៀបរាប់អំពីការលះបង់គ្រប់យ៉ាងរបស់អ្នកម្ដាយដើម្បីកូន ព្រមទាំងច្របាច់បញ្ចូលទៅនឹងអារម្មណ៍របស់កូនផ្ទាល់ចំពោះអ្នកម្តាយ ដែលខ្លួនកំពុងរស់នៅឆ្ងាយពីអ្នកម្ដាយជាទីស្រឡាញ់ដោយសារតែត្រូវបំពេញការងារ និងកាតព្វកិច្ចផ្ទាល់ខ្លួន។

អ្វីដែលកាន់តែពិសេស ចង្វាក់ភ្លេងដ៏ទាក់ទាញជាមួយនឹងអត្ថន័យយ៉ាងជ្រាលជ្រៅ (ចាក់ដោត) អាចឆក់យកអារម្មណ៍ប្រិយមិត្តអ្នកស្ដាប់ឲ្យលន្លង់លន្លោចទៅតាមបទចម្រៀងយ៉ាងជក់ចិត្តសឹងមិនដឹងខ្លួន។

នៅក្នុងបទសម្ភាសន៍មួយ វណ្ណដាបានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនថា ’’បទចម្រៀងនេះ ខ្លួនបានតែងនិពន្ធជាពិសេសជូនទៅអ្នកម្ដាយរបស់ខ្លួន ដែលគាត់រស់នៅឆ្ងាយ និងចង់ឲ្យយុវវ័យទាំងអស់ត្រូវយកចិត្ត និងបារម្ភពីឪពុកម្ដាយទោះបីជាយើងនៅឆ្ងាយពីពួកគាត់ក៏ដោយ”។

គួរបញ្ជាក់ផងដែរថា វណ្ណដា ជាតារាចម្រៀងមួយរូបដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់មិត្តៗយុវវ័យកម្ពុជា ព្រោះរាល់បទចម្រៀងមួយៗរបស់គាត់សុទ្ធសឹងតែមានលក្ខណៈពិសេស និងអាចឆាបយកបេះដូងអ្នកគាំទ្របានយ៉ាងច្រើន ម៉្យាងវិញទៀតសំនៀងដ៏ធ្ងន់ និងបែបផែននៃការរ៉េបក៏មានលក្ខណៈប្លែកពិសេសដែលជាចំណុចកាន់តែធ្វើឲ្យតារារូបនេះទទួលបានការគាំទ្រខ្លាំងមួយកម្រិតទៀត៕

ទស្សនាវីដេអូ៖

អត្ថបទ៖ យុវជនប្រេនបូឌា ង៉ាយ ណៃ

រូបភាព៖ ក្មេងខ្មែរ – KmengKhmer