|

ស្របពេលភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ក្នុងក្របខណ្ឌអាស៊ាន កម្ពុជាទទួលបានកំណើនភ្ញៀវទេសចរអន្តរជាតិ៥៣០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២


រយៈពេល៥ខែ ដើមឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២,១លាននាក់ កើនឡើង ៥៣០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ រីឯទេសចរក្នុងស្រុកប្រមាណ ១០លាននាក់។ នេះបើយោងតាមឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងនាឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំលើកទី៥ នៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។

បើតាមឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន តាមការព្យាករក្នុងឆ្នាំ២០២៣ កម្ពុជារំពឹងថានឹងទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤លាននាក់ និងភ្ញៀវទេសចរក្នុងស្រុកប្រមាណយ៉ាងតិច ១៦លាននាក់។ ការសម្រេចបាននេះ គឺប្រហាក់ប្រហែលទៅនឹងការព្យាកររបស់ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដែលរំពឹងថាការស្តារវិស័យទេសចរណ៍កម្ពុជាឡើងវិញនឹងត្រូវប្រើពេលក្នុងរង្វង់ ៥ឆ្នាំ ដោយអាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងកម្រិតប្រហាក់ប្រហែលពេលមុនវិបត្តិ នៅក្នុងឆ្នាំ២០២៥ ឬយ៉ាងយូរនៅឆ្នាំ២០២៦ ក្រោមទម្រង់អក្សរ U។

ឯកឧត្ដម ថោង ខុន បានឱ្យដឹងទៀតថា ដើម្បីបន្តការគាំទ្រដំណើរឆ្ពោះទៅកាន់អនាគតកាន់តែប្រសើរនៃវិស័យទេសចរណ៍កម្ពុជា ការរៀបចំនូវផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៣-២០៣៥ ពិតជាមានភាពចាំបាច់ណាស់ ដោយផែនការនេះមានការសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ក្នុងការរៀបចំនូវសេចក្ដីព្រាង ផែនការយុទ្ធសាស្រ្តជាតិនេះឡើង។

គួរបញ្ជាក់ថា សេចក្ដីព្រាងផែនការយុទ្ធសាស្រ្តជាតិនេះ ត្រូវបានរៀបចំឡើងផ្អែកលើអភិក្រមនៃការចូលរួម គឺបានដាក់ឆ្លងកិច្ចប្រជុំពិគ្រោះយោបល់ជាច្រើនលើកច្រើនសារ ក្នុងនោះមានការប្រជុំកម្រិតបច្ចេកទេសចំនួន ៥លើក និងលើកចុងក្រោយ បានដាក់ឆ្លងកិច្ចប្រជុំពិគ្រោះយោបល់ កម្រិតអន្តរក្រសួង ដែលមានការចូលរួមពី ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន កាលពីថ្ងៃទី២៣-២៤ ខែឧសភាព ឆ្នាំ២០២៣កន្លងទៅ ដែលជាមូលដ្ឋានក្នុងការពិនិត្យ កែសម្រួល និងផ្តល់ធាតុចូលបន្ថែមលើ សេចក្ដីព្រាងនៃឯកសារនេះ ដើម្បីដាក់ឆ្លងកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។

ប្រភព: ក្រសួងទេសចរណ៍