ហេតុអ្វីកម្ពុជាហ៊ានអះអាងទាំងទំនុកចិត្ត ថាលែងត្រូវការប្រព័ន្ធអនុគ្រោះពន្ធ EBA ពីអ៊ឺរ៉ុបទៀត?
ដូចយើងបានជ្រាបរួចមកហើយថា សហភាពអឺរ៉ុបបានសម្រេចជាស្ថាពរ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ក្នុងការដកប្រព័ន្ធអនុគ្រោះពន្ធលើទំនិញកម្ពុជាក្រោមកម្មវិធី «អ្វីគ្រប់យ៉ាងលើកលែងតែសព្វាវុធ (EBA)» ដោយយកពន្ធលើទំនិញកម្ពុជាប្រមាណ ២០ភាគរយ។ តាមការវាយតម្លៃ ការកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធនេះ មានទឹកប្រាក់ប្រមាណជាង ១០០លានដុល្លារអាមេរិក លើផលិតផល៤០មុខ។
ដោយឡែក កាលពីពេលដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមក្នុងកិច្ចប្រជុំនៅសហគមន៍អឺរ៉ុប សម្តេច ហ៊ុន សែន បានហាមដល់រដ្ឋមន្ត្រីទាំងអស់ កុំហារមាត់សុំត្រឡប់មកវិញ នូវការអនុគ្រោះពន្ធដែលបាត់ចំនួន២០ភាគរយនោះ។ តើអ្វីដែលធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជាមានជំនឿចិត្ត និងមិនខ្វល់ខ្វាយនឹងការបាត់បង់នេះ?
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA មិនធ្វើឱ្យប៉ះពាល់ដល់ច្រវាក់ផលិតកម្ម និងការនាំចេញរបស់កម្ពុជា ទៅប្រទេសនោះឡើយខណៈកម្ពុជានឹងបាត់បង់ EBA ដោយស្វ័យប្រវត្តិ នៅពេលដែលប្រទេសបានឈានដល់កម្រិតអភិវឌ្ឍន៍ និងចាកចេញផុតពីប្រទេសអភិវឌ្ឍន៍តិចតួចនៅអំឡុងឆ្នាំ២០២៧។
មួយវិញទៀត ការបាត់បង់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធមួយនេះ EBA ជាការពង្រឹងភាពធន់របស់កម្ពុជា ក្នុងកម្រិតមួយ។ «ខ្ញុំចង់ដឹងពីភាពធន់របស់កម្ពុជាដល់ណាដែរ ដើម្បីយើងពង្រឹងសមត្ថភាព ខ្លួនឯងដោយកុំរង់ចាំគេបន្តក់ខ្យល់ឱ្យយើង។ ខ្ញុំបានប្រកាសពីពេលមុនថា ខ្ញុំមិនយកអធិបតេយ្យរបស់ខ្ញុំទៅដោះដូរជាមួយជំនួយអនុគ្រោះណាទាំងអស់។ នេះជាប្រសាសន៍របស់នាយករដ្ឋមន្ត្រីកម្ពុជាថ្លែងទៅកាន់កម្មករ និយោជិតជាង ១ម៉ឺន ៦ពាន់នាក់នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ជាមួយគ្នានេះ កម្ពុជាក៏បានងាកមកពង្រឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួន ដូចជាកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ដែលទទួលបានការគាំទ្រខ្លាំងក្លាពីប្រទេសចិន កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី កម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូងជាដើម ដើម្បីនាំចេញ ផលិតផលផ្សេងទៀតដូចជាផលិតផលកសិកម្ម និងគ្រឿងបង្គំអេឡិចត្រូនិកសម្លៀកបំពាក់ស្បែក ជើង និងគ្រឿងបង្គំកុំព្យូទ័រជាដើម។ ថ្មីៗនេះ កម្ពុជាក៏ទើបបានចុះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលអាចឱ្យកម្ពុជានាំចេញទំនិញមួយ ចំនួនដូចជា សម្លៀកបំពាក់ស្បែកជើងជាមួយការកាត់បន្ថយពន្ធ ឬលើកលែងពន្ធ។
ជាក់ស្ដែង ក្នុងរយៈពេល ៣ឆ្នាំមកនេះ សេដ្ឋកិច្ចកម្ពុជាដែលលូតលាស់បានត្រឹមកម្រិតនេះ មិនបានពឹងផ្អឹកលើប្រព័ន្ធអនុគ្រោះពន្ធនោះទេ។ យ៉ាងណាមិញ អ្នកវិភាគមួយចំនួននៅតែសម្ដែងការព្រួយបារម្ភចំពោះការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ ដោយហេតុថាវាបានផ្ដល់សារៈសំខាន់សម្រាប់កម្ពុជាតាមរយៈការបង្កើតការងារ និងទទួលបានឱកាសវិនិយោគពីវិនិយោគិនបរទេសកាន់តែច្រើន៕