|

ពិតជាគួរឱ្យសរសើរ!ជនជាតិជប៉ុនម្នាក់ ហោះពីប្រទេសជប៉ុនរាល់ខែ ដើម្បីចូលរួមសម្អាតប្រឡាយលូទឹកស្អុយនៅកម្ពុជា


ជារឿងមួយដ៏គួរភ្ញាក់ផ្អើល និងកោតសរសើរចំពោះបុរសជនជាតិជប៉ុនម្នាក់ ដែលសុខចិត្តចំណាយពេលវេលា និងធនធានផ្ទាល់ខ្លួន ហោះពីប្រទេសជប៉ុនមកកម្ពុជា ដើម្បីតែចង់ឃើញប្រឡាយក្នុងទីក្រុងភ្នំពេញគ្មានសំរាម ដូចនៅប្រទេសជប៉ុន។

ថ្មីៗនេះ យោងតាមយោងតាមនិស្សិតប្លាស្ទិក Nisset plastic បានបង្ហោះសារមួយដែលមានន័យថា «ជនជាតិជប៉ុនម្នាក់នេះល្អពេកហើយ🙏🏻! ជារៀងរាល់ខែ គាត់តែងតែហោះពីប្រទេសជប៉ុនមកភ្នំពេញដើម្បីចូលរួមជាមួយ និស្សិតប្លាស្ទិច ក្នុងការសម្អាតបរិស្ថានទាំងនៅលើគោក និងនៅក្នុងប្រឡាយលូទឹកស្អុយ។ លើសពីនេះទៅទៀត គាត់តែងតែទៅជួយក្មេងៗក្រីក្រនៅគំនរសំរាម និងកន្លែងផ្សេងៗជាច្រើនទៀត។ គាត់បាននិយាយថា “ប្រឡាយទឹកក្នុងទីក្រុងជប៉ុនមិនបែបនេះទេ ហើយគាត់ចូលរួមនេះគឺព្រោះតែចង់ឃើញប្រឡាយក្នុងទីក្រុងភ្នំពេញគ្មានសំរាមដូចប្រឡាយក្នុងប្រទេសគាត់ដែរ” ដូច្នេះក្នុងនាមយើងជាខ្មែរ សូមជួយទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងចូលរួមទាំងអស់គ្នាដើម្បីបរិស្ថានក្នុងប្រទេសរបស់យើង🤍💪🏻🇰🇭 »។

គួរបញ្ជាក់ថា និស្សិតប្លាស្ទិកត្រូវបានបង្កើតឡើងនៅឆ្នាំ២០២២ ដោយយុវនិស្សិត ហែម សុភេម ក្នុងគោលបំណង៣សំខាន់ៗ។ ទី១ ដើម្បីសោភ័ណភាពទីក្រុងស្អាត ទី២ ធ្វើជាគំរូល្អដល់មនុស្សជំនាន់ក្រោយ និងទី៣គឺ ការផ្លាស់ប្តូរទម្លាប់ចោលសំរាមផ្តេសផ្តាសរបស់ប្រជាជនខ្មែរ។ ផ្ដើមចេញពីយុវជនមួយរូបរហូតដល់គៀងគរ មនុស្សជាច្រើនអោយចូលរួមក្នុងសកម្មភាពរើសសំរាមតាមប្រឡាយលូទឹកស្អុយនៅក្នុងរាជធានី។ ការចូលរួមច្រើនកុះករនេះ បានធ្វើអោយមហាជនមួយចំនួនស្ងើចសរសើរនឹងឆន្ទៈរបស់ក្រុមយុវជនប្លាស្ទិក ក្នុងការថែរក្សាបរិស្ថាន និងផ្ដល់ជាគំរូដល់យុវជនដទៃទៀតក្នុងសង្គម៕

ប្រភព៖ និស្សិតប្លាស្ទិក Nisset Plastic