គ្រប់យ៉ាងនៅតែជាចម្ងល់ បន្ទាប់ពីបងប្អូនបង្កើត៤នាក់ ដែលមានអាយុ ១៣ឆ្នាំ ៩ឆ្នាំ ៤ឆ្នាំ និង ១១ខែ បានធ្លាក់យន្តហោះ ហើយវង្វេងជាប់ក្នុងព្រៃរយៈពេល៤០ថ្ងៃ ប៉ុន្តែនៅមានជីវិត!


កុមារជនជាតិដើមភាគតិច៤ នាក់បានរួចរស់ជីវិតពីការធ្លាក់យន្តហោះ ដែលបានសម្លាប់មនុស្សពេញវ័យ ៣នាក់ និបានជាប់នៅក្នុងព្រៃអស់រយៈពេល៤០ ថ្ងៃមុនពេលត្រូវបានរកឃើញដោយទាហានកូឡុំប៊ី។

មន្ត្រីនៅក្នុងប្រទេសអាមេរិកខាងត្បូងបានប្រកាសពីការជួយសង្គ្រោះរបស់ពួកគេកាលពីថ្ងៃសុក្រ ដោយនាំមកនូវការបញ្ចប់ដ៏រីករាយមួយ។ គិតត្រឹមថ្ងៃសៅរ៍ ខណៈដែលក្មេងៗបានទទួលការព្យាបាលនៅមន្ទីរពេទ្យយោធាក្នុងរដ្ឋធានី Bogota វានៅតែមិនគួរឱ្យជឿថាតើបងប្អូនបង្កើត រួមទាំងក្មេងអាយុ១១ ខែអាចរស់រានមានជីវិតបានដោយរបៀបណា។

ប្រធានាធិបតី Gustavo Petro បានចាត់ទុកក្មេងៗទាំងនេះជា “គំរូនៃការរស់រានមានជីវិត” ហើយរឿងរ៉ាវរបស់ពួកគេនឹងនៅតែមាននៅក្នុងប្រវត្តិសាស្ត្រ” ។ Damaris Mucutuy ជាម្តាយមីងរបស់កុមារបានឱ្យដឹងថា “ក្មេងៗសុខសប្បាយទេ” ទោះបីជាត្រូវបានពិនិត្យឃើញថា មានសញ្ញានៃការខះជាតិទឹក និងសត្វល្អិតខាំក៏ដោយ។

វីដេអូរបស់កងកម្លាំងអាកាសបានបង្ហាញពីឧទ្ធម្ភាគចក្រប្រើខ្សែដើម្បីទាញក្មេងៗឡើង ព្រោះវាមិនអាចចុះចតក្នុងព្រៃដ៏ក្រាស់នោះទេ។ មកទល់ពេលនេះនៅមិនមានព័ត៌មានលម្អិតត្រូវបានចេញផ្សាយអំពីរបៀបដែលបងប្អូនបង្កើតបួននាក់ដែលមានអាយុ ១៣ឆ្នាំ ៩ឆ្នាំ ៤ឆ្នាំ និង ១១ខែ អាចរស់បានដោយខ្លួនឯងអស់រយៈពេលជាយូរមកហើយ ទោះបីជាពួកគេជាក្រុមជនជាតិដើមភាគតិចដែលរស់នៅក្នុងតំបន់ដាច់ស្រយាលក៏ដោយ។

ការធ្លាក់យន្តហោះខ្នាតតូចនេះបានកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី ១ខែឧសភា នៅពេលដែលយន្តហោះដែលមានម៉ាស៊ីនតែមួយ Cessna បានធ្លាក់ចិះដោយសារបញ្ហាម៉ាស៊ីន ដែលក្នុងនោះមានអ្នកដំណើរ ៦នាក់ និងអ្នកបើកយន្តហោះម្នាក់។ ពីរសប្តាហ៍បន្ទាប់ពីការធ្លាក់នោះ នៅថ្ងៃទី១៦ ខែឧសភា ក្រុមស្រាវជ្រាវបានរកឃើញយន្តហោះនៅក្នុងព្រៃក្រាស់មួយ ហើយបានស្រង់សាកសពមនុស្សធំទាំងបីនាក់នៅលើយន្តហោះ ប៉ុន្តែក្មេងតូចៗមិនត្រូវបានរកឃើញភ្លាមៗនោះទេ។

ដោយដឹងថាពួកគេអាចនៅមានជីវិត កងទ័ពរបស់ប្រទេសកូឡុំប៊ីបានបង្កើនការរុករក ហើយបញ្ជូនទាហានចំនួន ១៥០នាក់ ចូលទៅក្នុងតំបន់នោះ។ អ្នកស្ម័គ្រចិត្តរាប់សិបនាក់មកពីកុលសម្ព័ន្ធជនជាតិដើមភាគតិចក៏បានជួយស្វែងរកផងដែរ។ ក្នុងអំឡុងពេលនៃការស្វែងរក នៅក្នុងតំបន់ដែលពោរពេញយ៉ាងខ្លាំងដោយអ័ព្ទ និងស្លឹកក្រាស់ យន្តហោះដែលហោះពីលើព្រៃបានបាញ់ពន្លឺ ដើម្បីជួយក្រុមរុករកនៅលើដីនៅពេលយប់ដ៏ងងឹត។

ក្រុមក្មេង 4 នាក់បានធ្វើដំណើរជាមួយម្តាយរបស់ពួកគេពីភូមិ Amazonian នៃ Araracuara ទៅកាន់ San Jose del Guaviare នៅពេលដែលយន្តហោះបានធ្លាក់។ ពួកគេជាសមាជិកនៃប្រជាជន Huitoto ហើយក្រុមមន្ត្រីបាននិយាយថា កុមារបងគេនៅក្នុងចំណោមបងប្អូនទាំង៤ មានចំណេះដឹងខ្លះៗអំពីរបៀបរស់រានមានជីវិតនៅក្នុងព្រៃ។

ប៉ុន្តែ Petro បានបន្ថែមថា ក្មេងៗត្រូវបានរកឃើញដំបូងដោយសត្វឆ្កែសង្គ្រោះមួយក្បាល ដែលទាហានបានយកទៅក្នុងព្រៃ ដែលការស្វែងរកក្នុងរង្វង់ ៤.៥គីឡូម៉ែត្រ (ជិត ៣ម៉ាយល៍) ពីទីតាំងដែលយន្តហោះខ្នាតតូចបានធ្លាក់ចូលទៅក្នុងដីព្រៃ។

នៅពេលដែលការស្វែងរក ទាហានបានរកឃើញតម្រុយតូចៗនៅក្នុងព្រៃដែលនាំឱ្យពួកគេជឿថាកុមារនៅមានជីវិត រួមមានស្នាមជើងមួយគូ ដបទារក ក្រណាត់កន្ទបទារក និងបំណែកផ្លែឈើដែលមើលទៅដូចជាវាត្រូវបានញ៉ាំដោយមនុស្ស។

Petro បាននិយាយថា “ព្រៃបានជួយសង្គ្រោះពួកគេ” ។ “ពួកគេជាកូនអ្នកព្រៃហើយឥឡូវពួកគេក៏ជាកូនរបស់កូឡុំប៊ីដែរ”។

ប្រភព: CBS NEWS